ប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវឃាតករសម្លាប់កប់ក្នុងដី នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០៨យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ កប់ក្នុងដី ហើយលៀនចេញជង្គង់ជើងម្ខាងនៅកណ្តាលវាល មានទីតាំងស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចជំនាញកោសល្យវិច័យ បានឱ្យដឹងថា សាកសពមានសភាព រលេះរលួយ ដៃជាប់ខ្នោះ បាក់ដើមដៃស្តាំ កំភួនជើង និងភ្លៅស្តាំជាំខ្មៅ លើទ្រូងស្តាំក្រោមក្លៀកដាច់រលាត់ក្បាល លើត្រចៀកឆ្វេងហើមប៉ោង ធ្លុះក្រោមផ្ចិត ផ្នែកខាងឆ្វេង។ ហើយសាកសព (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី កម្ពស់ ១,៥៥ម៉ែត្រ អាយុប្រហែល ១៥-១៨ឆ្នាំ សម្បុរស សក់ពណ៌ទង់ដែង ខ្លៀកខោខ្លី អាវដៃខ្លី ពណ៌ផ្កាឈូក (ខោអាវឈុត) ពាក់ខ្សែកពណ៌ប្រាក់ បណ្តោងហ្គិច ពណ៌ខៀវ ម្រាមដៃកណ្តាលខាងឆ្វេង ពាក់ចិញ្ចៀនពណ៌ប្រាក់។

ចំណែកនៅលើខ្លួន មានស្នាមសាក់ស្មាស្តាំ សាក់អក្សរ sexy ខ្នងសាក់រូបយ័ន្ត លើស្មាឆ្វេង ផ្នែកខាងក្រោយសាក់រូបមេអំបៅ។

សមត្ថកិច្ចជំនាញ កោសល្យវិច័យបានធ្វើការសន្និដ្ឋានថា ជាករណីវាយ និងចាក់សម្លាប់(ឃាតកម្ម)។

បច្ចុប្បន្នសាកសព ត្រូវបានយកទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធ ដើម្បីនាំយកមកផ្តន្ទាទោសទៅតាមច្បាប់៕ ដោយ៖ ហ្វារីត

 

 

អត្ថបទដែលជាប់ទាក់ទង