លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រចុះជួយស្វែងរក អ្នកនេសាទម្នាក់ បាត់ខ្លួនក្នុងលម្ហសមុទ្រ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តបញ្ជូនអូរបរ័ពេទ្យ និងក្រុមការងារសង្គ្រាះ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់លោក ដើម្បីចុះជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលបានធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួនក្នុងលម្ហសមុទ្រ..។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សកម្មភាពចុះជួយសង្គ្រោះខាងលើ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ តាមការស្នើសុំពីក្រុមគ្រួសារ របស់ជនរងគ្រោះ..

ប្រភពពីម្ចាស់ទូក បានឲ្យដឹងថា បុរសកម្មករនេសាទ ដែលធ្លាក់ពីលើ ទូក លិចបាត់ក្នុងលម្ហសមុទ្រ ខាងលើនេះ គឺធ្លាក់នៅចំណុចដាវលេខ៤៣-៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច  ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ម្ចាស់ទូក បានបញ្ជាក់ថា ពួកគាត់ មានគ្នា ០៣នាក់នៅលើទូក ហើយក្នុងអំឡុងពេលកំពុងនេសាទ បុរសរងគ្រោះ ដែលជាកូនដៃទូក ក៏បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រលិចបាត់ស្រមោល ទោះបីពួកគាត់ ខំស្វះស្វែងរកបែបណាក្តី ក៏រកមិនឃើញដែរ។

ជនរងគ្រោះឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ ៤៥ឆ្នាំ មានស្រុកកំនើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រុមការងារ ក្រុមហ៊ុន G.T.V.C បានឲ្យដឹងថា គិតត្រឹមព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ  នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៏មិនទាន់ដឹងពីជោគវាសនា របស់ជនរងគ្រោះ ទៅជាយ៉ាងណានោះទេ។

យ៉ាងនេះក្តី ក្រុមការងារសង្គ្រោះ  ក្រុមហ៊ុន  G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រ កំពុងសហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបន្តស្វះស្វែងរកជនរងគ្រោះជាបម្តទៀត។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះក្រុមហ៊ុន G.T.V.C របស់លោក តាមរយៈទូរសព្ទ័លេខ៖ ០១២ ៩៦ ៤៨ ៩៣ ៕

អត្ថបទដែលជាប់ទាក់ទង