ជារឿងកម្រ​ជួបប្រទះ ​រវាងរថភ្លើងបុកគ្នា ជាមួយរថភ្លើង ប៉ុន្តែវាបានកើតមាន នៅក្រុងព្រះសីហនុ..!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា មានហេតុការណ៍រថភ្លើង ០២ខ្សែ បានបុកគ្នាលើផ្លូវដែក ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២២ នៅត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

​របាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ករណីរថភ្លើងបុក ជាមួយរថភ្លើងខាងលើនេះ បណ្តាលឲ្យទូរថភ្លើងមួយចំនួន បានក្រឡាប់ធ្លាក់ និង​របួសអ្នកបើកបររថភ្លើងម្នាក់ ប៉ុន្តែមិនធ្ងន់ធ្ងរ នាំឲ្យប៉ះពាល់ដល់អាយុជីវិតទេ។

របាយការណ៍បឋម របស់សមត្ថកិច្ច ឲ្យដឹងបន្តថា រថភ្លើងទាំង ០២ខ្សែនេះ បើកបរទិសដៅបញ្ច្រាសគ្នា គឺមួយខ្សែមកពីរាជធានីភ្នំពេញ និងមួយខ្សែទៀតចេញពីស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ រួចក៏បានបុកគ្នា ពេលកំពុងបើកបរលើផ្លូវដែក ។

ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យរថភ្លើង​ទាំង ០២ខ្សែ បុកគ្នានៅឡើយទេ។

​ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកគ្នាខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះទៅពិនិត្យ និងសម្របសម្រួលដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង