ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សម្នាក់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០-១១១ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមានមនុស្សស្លាប់ ។

​របាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង រវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-3103 បើកបរដោយឈ្មោះ ម៉ែន ស៊ីវុត្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ម៉ៃ លីសំ ភេទស្រី អាយុ ៤៥ឆ្នាំ ( ត្រូវជាប្រពន្ធអ្នកបើកបរ ) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ។ លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយ​រថយន្ត ០១ គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-6797 អ្នកបើកបររត់គេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងដំណើរច្រាស់ទិសគ្នា ។

គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឲ្យមានមនុស្សប្រុសម្នាក់ស្លាប់​ (អ្នកបើកបរម៉ូតូ) នៅ​កន្លែងកើតហេតុ និង​ស្រីម្នាក់ របួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ(ជាអ្នករួមដំណើរត្រូវជាប្រពន្ធ)។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់កន្លែកកើតហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងមករក្សាទុក នៅ​អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង