នគរបាលស្រុកព្រៃនប់ សហការជា​មួយប៉ុស្តិ៍រដ្ឋបាលសាមគ្គី ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៩ និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងជំ​នាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជា​មួយ ប៉ុស្តិ៍រដ្ឋបាលសាមគ្គី បានឃាត់​ខ្លួនជន​សង្ស័យចំនួន ០១នាក់ នៅចំណុចភូមិបឹង​រាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យមានឈ្មោះ ញ៉ែម ញាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន​ ០៨កញ្ចប់តូច, ទូរស័ព្ទដៃ ០១គ្រឿង។

សមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោង ១៣ និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើ បានសហការជាមួយកម្លាំងជំនាញ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ញឹក ហៀត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៧កញ្ចប់(ធំ ០៦កញ្ចប់) ,ទូរស័ព្ទដៃចំនួន ០៣គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យខាង កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង