គណៈកម្មការចម្រុះ របស់អាជ្ញាធរខេត្ត ចុះបញ្ឈប់ការសាងសង់លំនៅឋាន រំលោភលើចំណីឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ៖ គណៈកម្មការចម្រុះរបស់អាជ្ញាធរខេត្ត អាជ្ញាធរក្រុង នៅព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចុះបញ្ឈប់ការសាងសង់លំនៅឋានអត់ច្បាប់ សាងសង់រំលោភលើចំណីឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិ៣ (រំដួលជើងភ្នំ) សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

សកម្មភាពខាងលើនេះ ដឹងនាំដោយ លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

លោកបន្ត បន្តថា ចំពោះសំណង់លំនៅឋាន ដែលសាងសង់រំលោភលើចំណីឆ្នេរនេះ ក្រុមការងារបានចុះពិនិត្យឃើញជាក់ស្តែងគឺ សំណង់បានចាក់គ្រឹះ និងចាក់សសរចំនួន ២៤ដើម ទំហំ ៦ម៉ែត្រ គុណ ២៦ម៉ែត្រ ដែលម្ចាស់ផ្ទះបានរុះរើផ្ទះចាស់ របស់គាត់ ដែលមានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ហើយបានបន្តសាងសង់បន្ថែម ១១ម៉ែត្រ គុណ ៦ម៉ែត្រ ចូលទៅក្នុងចំណីសមុទ្រ។

យោងតាមរបាយការណ៍ របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ការដ្ឋានសំណង់នេះ មិនអនុញ្ញាតឲ្យធ្វើការសាងសង់នោះទេ ដោយសារមិនមានច្បាប់អនុញាត្តិ ហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអនុញ្ញាតជូនដែរ ព្រោះបើយោងតាមចរាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ ពីព្រោះវាជាដី ឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ តែសំរាប់ ពេលនេះ ក្រុមការងារសម្រេច ឱ្យម្ចាស់សំណង់ធ្វើការរុះរើរាល់សំណង់ ដែលបាន សាងសង់ទាំងប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ជាកំណត់។

ក្នុងករណីម្ចាស់សំណង់មិនគោរពតាមការណែនាំ ក្រុមការងារនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង