អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅ លោកឧត្តមសេនីយ៍ឯក​ ច័ន្ទ ពន្លឹក ​មកបំភ្លឺលើករណីពុករលួយ..

រាជធានីភ្នំពេញ ៖  ​លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ អេ ស៊ី យូ (ACU) កាលពីថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ​បានចេញលិខិតអញ្ជើញ ឬកោះហៅ លោកឧត្តមសេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ដើម្បីឲ្យចូលខ្លួន ទៅបំភ្លឺ​ពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួន នៅក្នុង​សកម្មភាពបំពេញ​តួនាទីភារកិច្ច របស់ខ្លួន ​​តាមពាក្យបណ្តឹង ដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាន​កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ភាពមិនប្រក្រតី ដែលមាននៅក្នុងពាក្យបណ្តឹង ប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តឹងចោទ លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ពាក់ព័ន្ធពីភាពមិនប្រក្រតីមួយចំនួន​មានដូចជា៖

  • តម្រូវឲ្យបុគ្គលិកតាមការិយាល័យ និងមហាវិទ្យាល័យបង់ប្រាក់ប្រចាំសប្តាហ៍ នឹងប្រចាំខែ ចាប់ពី ១លានរៀល ដល់ ២លានរៀល។ ហើយចំពោះ នាយទាហាន ដែលបញ្ចប់ការសិក្សា ហើយចង់បម្រើការងារ នៅសាកលវិទ្យាល័យការពារជាតិ ត្រូវបង់ប្រាក់ចាប់ពី ៣,០០០ដុល្លារ ទៅ៤,០០០ដុល្លារ​។
  • បង្ខំឲ្យនិស្សិតបង់ប្រាក់ ០១វគ្គ ចំនួន ២លានរៀល។
  • តម្រូវឲ្យអ្នកព្យួរឈ្មោះបង់ប្រាក់ ០១ឆ្នាំ ៥០០ដុល្លារ។
  • តម្រូវឲ្យអ្នកសុំចូលរៀនបន្ត បង់ប្រាក់ចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ដុល្លារ។
  • តម្រូវឲ្យអ្នករៀនចប់ ហើយ​ចង់ផ្ទេរទៅអង្គភាពវិញ ត្រូវបង់ប្រាក់ចាប់ពី ២០០ដុល្លារ ដល់ ៣០០ដុល្លារ។
  • តម្រូវឲ្យអ្នក​ចង់បានតំណែងជាសកលវិទ្យាធិការរង បង់ប្រាក់​ចាប់ពី ១០០០០ដុល្លារ ដល់ ១៥០០០ដុល្លារ។
  • តម្រូវឲ្យអ្នកចង់បានតំណែងជានាយមុខវិជ្ចា បង់ប្រាក់ចាប់ពី ៥០០០ដុល្លារ ដល់ ៨០០០ដុល្លារ។
  • យកប្រាក់ពីអ្នកឡើងស័ក្តិ ចាប់ពី ៣០០ដុល្លារ ដល់ ៥០០ដុល្លារ។
  • ករណីយោធាចារ្យបង្រៀន មួយម៉ោងទទួល ៥០០០រៀល សរុប ១០៧នាក់ ក្នុងមួយត្រីមាស សរុបប្រាក់ជាង ៤០០លានរៀល គុណនឹងបួនត្រីមាស សរុបទឹកប្រាក់ជាង ១៦០០លានរៀល ។ ហើយថា ប្រាក់ទាំងនេះ ក្រសួងការពារជាតិ បានផ្តល់ឲ្យការឡើងថ្នាក់ របស់យោធាចារ្យ ប៉ុន្តែបែរជាត្រូវឪពុក និងកូនទាំង៣នាក់ របស់លោក ចន្ទ ពន្លឹក បានកឹបកេង​តាំងពីខែមេសា ឆ្នាំ​២០២១ រហូតមកដល់បច្ចុប្បន្ន។

ជាងនេះទៀត លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ក៏រងការចោទ ថា​បានកិបកេងប្រាក់អន្តរាគមន៍ របស់ក្រសួង ក្នុង ០១ខែ ៣០លានរៀល និងប្រាក់ហ្វឹកហ្វឺន ០១ខែ ១០០លានរៀល ដោយមហាវិទ្យាល័យទាំង ០៥ និងមជ្ឈមណ្ឌល មិនបានទទួលប្រាក់ទាំងនោះទេ ហើយរាល់ការចាយវាយ គឺត្រូវចំណាយលុយខ្លួនឯង។

នៅក្នុងលិខិតកោះហៅ របស់ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២​ក៏បាន តម្រូវឲ្យ លោកឧត្តមសេនីយ៍ ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាំយកឯកសារពាក់ព័ន្ធលើករណីចោទប្រកាន់ខាងលើ មកកាន់អង្គភាពប្រឆាំងអំពើពុរលួយ ឲ្យបានឲ្យបានទាន់ពេល។ ហើយថា ចំពោះការចូលខ្លួនមកបំភ្លឺ របស់ លោក ច័ន្ទ ពន្លឹក គឺចាមូលដ្ឋាន សម្រាប់ អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការពិចារណា ថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តនីតិវិធីលើពាក្យបណ្តឹងពាក់ព័ន្ធករណីខាងលើនេះ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេតាមទូរស័ព្ទ នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ​២០២២នេះ ៕​ ដោយ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង