កងរាជអាវុធហត្ថស្រុកព្រៃនប់ ​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះបង្ក្រាបករណីបទឺល្មើសគ្រឿងញៀនចំនួន ២ករណីផ្សេងៗគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនទៀត។

កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា យុទ្ធនាការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ២០ និង០០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើឈ្មោះ ហែម ស្រីយ៉ា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្រាំខាងជើង ឃុំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យុទ្ធនាការនោះ សមត្ថកិច្ចកជំនាញ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០៣កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង និងលុយ ១,០២៧,៥០០រៀល។

ចំណែក បទល្មើសមួយករណីទៀត កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ​កាលពី​ព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប ចំរុង ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យុទ្ធនាការខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាចំនួន ០៤កញ្ចប់(ធំ០១កញ្ចប់), ទូរស័ព្ទចំនួន ០១គ្រឿង និង លុយ ១០មុឺនរៀល។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង