ថ្ងៃទី១កុម្ភៈនេះ មន្ត្រីពន្ធដារ នឹងចុះត្រួតពិនិត្យការ​បង់ពន្ធឆ្នាំ២០២១ លើ​យានជំនិះគ្រប់ប្រភេទ..

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២​នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី
ការ​​ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១។

នៅក្នុងសេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនទៅម្ចាស់យានយន្តទាំងអស់​ថា អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារឯកភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០​ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការ​ជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួត​ពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជ​ធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ។
ដូចបានជម្រាបជូន នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿ​ថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសា​រ​ពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ ឲ្យបានបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ដើម្បីចៀសវាង នូវក្រុមការងារចម្រុះ រួម​សហ​​ការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចុះឃាត់យានយន្តតាមដងផ្លូវ តម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យ​ខាតវេលា និងកកស្ទះចរាចរណ៍ ក្នុងពេល​ធ្វើដំណើរ ដែលអាចនឹងកើតមានឡើង ដោយប្រការណាមួយ..៕ 
អត្ថបទដែលជាប់ទាក់ទង