កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកជំនួយជូនកុមារមានជំងឺមហារីក

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនដល់កុមារឈ្មោះ សម្ភារ មុនី ដែលមានជំងឺមហារីក រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

សកម្មភាពនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការក្រុមជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកស្រី អ៊ូរ ធីតាពៅ អនុប្រធានកិត្តិយសសាខាខេត្ត ដោយមានការចូលរួមពីមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្តផងដែរ ។

ទន្ទឹមនឹងនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំមក នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានោះ លោកស្រី ក៏បាននាំយកជំនួយជាថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនកុមារខាងលើផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង