នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធបង្ខាំងធ្វើទារុណកម្មមនុស្សជំរិតទារប្រាក់​

ខេត្តព្រះសីហនុ៖ ​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កម្លាំងស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់ ។

លោក​ ជួន ណារិន្ទ បន្តថា កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ២២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច​ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ​ស្រាប់តែមានរថយន្ត ០១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើ ដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ច​បានរកឃើញ កាំភ្លើងហ្គាសចំនួន ០២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ០២ដើម និង ពិលឆក់ ០៣ដើម និងឃាត់ខ្លួន ជនសង្ស័យចំនួន ០៦នាក់ (ស្រីម្នាក់) ជនជាតិវៀតណាម ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា បន្ទាប់ពីធ្វើការសួរនាំ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រីម្នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំង, ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិ​វៀត​ណាម ០៣នាក់ បានប្រាក់ជាង $៣៥,០០០ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) រួចគេចខ្លួនមកខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង ។

​ជនសង្ស័យទាំង ០៦នាក់ មានឈ្មោះ ៖

​១- ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ

២- ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ

៣- ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ

៤- ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ

៥- ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រសីហនុ

៦- ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

ចំពោះ សម្ភារៈចាប់យកបានរួមមាន ៖ រថយន្ត ០១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054, កាំភ្លើងហ្គាស ០២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ០២ដើម, ពិលឆក់ ០៣ដើម។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវតាមនីតិវិធីច្បាប់ ៕ ប្រភព ៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង