​បុណ្យចូលឆ្នាំចិនថ្ងៃដំបូង ​ភ្ញៀវទេសចរ​មក​កម្សាន្ត ខេត្តព្រះសីហនុ​ មានជាង៤ម៉ឺននាក់

​ខេត្តព្រះសីហនុ ៖ ប្រធាន​មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល បានឲ្យដឹងថា នៅថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គឺនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ​ឃើញមានប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ​ជាតិ- អន្តរជាតិ ច្រើនកុះករ បានចូលមក​កម្សាន្ត ក្នុង​ខេត្តព្រះសីហនុ ​ដោយភ្ញៀវខ្លះមកលេងជាលក្ខណៈក្រុម​គ្រួសារ និង​ខ្លះទៀត ជាក្រុមមិត្តភ័ក្រ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ។

លោក តាំង សុចិត្ត គ្រឹស្នា ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម នៅថ្ងៃដំបូង បើប្រៀបធៀបពេលវេលាដូចគ្នា ​ឆ្នាំ២០២១ គឺមានចំនួនកើនច្រើន ដោយឆ្នាំ២០២២នេះ ទទួលបានភ្ញៀវទេសចរប្រមាណ ៤១.១៦៦នាក់ គឺកើនឡើង ១៥,៤៥ ភាគរយ។ ក្នុងនោះភ្ញៀវ​ជាតិ មានប្រមាណ ៣៦.២៤៥នាក់ កើនឡើង ៧,៧៨ ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុង​មានចំនួន ៤.៩២១នាក់ ​កើនឡើង ១០៨,៣៤ ភាគរយ។ ហើយថា ឆ្នាំនេះ ពុំមាន​ជើងហោះហើរ ចុះចតនៅព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុទេ ។

ដោយឡែក សម្រាប់ភ្ញៀវទេសចរ ដែលចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុវិញ លោក តាំង សុចិត្រគ្រឹស្នា បញ្ជាក់ថា មានប្រមាណ ១.៣៩៤នាក់ គឺបានថយ​ចុះ ៥៣,៧៦ ភាគរយ។ ក្នុងនោះ មានភ្ញៀវ​ជាតិប្រមាណ ១.១៨០នាក់ គឺបានថយចុះ ៥០,៣៥ ភាគរយ- ភ្ញៀវបរទេសប្រមាណ ២១៤នាក់ គឺបានថយចុះ ៦៦, ៤៥ ភាគរយ ហើយភ្ញៀវមកកម្សាន្ត​តាម​បណ្តាឆ្នេរ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មាន​ភ្ញៀវសរុប ៣៩.៧៧២ នាក់ គឺកើនឡើង ៤៧,២៣ ភាគរយ ។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៣៥.០៦៥នាក់ ​កើនឡើង ៣៨,០៤ ភាគរយ និងភ្ញៀវបរទេសមានចំនួន ៤.៧០៧នាក់ គឺកើនឡើង ១៩២,៣៦ ភាគរយ ។

អ្នកចាត់ការទូទៅ នៅ​ហាង ៨៨៨ និងខនន័រ ឡោន នៃឆ្នេរអូរឈើទាល គឺលោក គឹម សុខ បានទទួលស្គាល់ថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ ពិតជាមានភ្ញៀវទេសចរច្រើនកុះករ ចូលមកកម្សាន្តនៅតាមឆ្នេរអូរឈើទាលពិតមែន ជាពិសេសនៅពេលរាត្រី ​គឺមានទាំងភ្ញៀវជាជនជាតិចិន វៀតណាម និងជនជាតិខ្មែរ ។ លោកថា ​ហាង​របស់គាត់ ស្ទើរមិនមានតុ ឬកន្លែង សម្រាប់ផ្តល់ជូនភ្ញៀវអង្គុយពិសាអាហារ ឬស្លាប់ភ្លេងប្រគុំនោះទេ ។ ហើយថា ភ្ញៀវទេសចរទាំង​នោះ បានបង្ហាញ ​ទឹកមុខស្រស់ស្រាយ​រីករាយ ជាមួយការជួបជុំទទួល​ទានអាហារ ស្តាប់ភ្លេង និងចុះងូតទឹកកម្សាន្ត យ៉ាងសប្បាយក្អាកក្អាយថែមទៀតផង ៕
អត្ថបទដែលជាប់ទាក់ទង