អាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍ នៅក្រុមឡទ្វារដីឆ្នាំង

ខេត្តសៀមរាប : នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ នៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោក បានធ្វើកំណាយជាលើកដំបូង នៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ។

លោកបន្តថា ការធ្វើកំណាយ ដែលចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្រាវជ្រាវបានរកឃើញ ជារចនាសម្ព័ន្ធឡបុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍ នៅពាក់កណ្ដាលសតវត្សទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សទី១៣ ។

លោកបន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្ស ដែលអ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1 ឃើញមានរចនាសម្ព័ន្ធខុសពីឡដុតកុលាលភាជន៍ នៅតំបន់អង្គរ ដូចជានៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះ មានប្រវែងវែង តែឡបុរាណ នៅត្រពាំងទួលបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់ ០២ម៉ែត្រ និងបណ្ដោយ ០៣ម៉ែត្រ ។ ហើយការធ្វើកំណាយ នៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវ នៅនឹងទីតាំងឡទី០១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងទាំង ០២ដូចគ្នា ឬយ៉ាងណា ដ្បិតថា គេឃើញទួលតូចធំចំនួន ២៤កន្លែង ដោយមានមន្ទិល ក្រែងឡទាំងនោះ មានមុខងារផ្សេងគ្នាជាដើម..៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ យី សុថា

អត្ថបទដែលជាប់ទាក់ទង