សហគមទេសចរណ៍ និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹក បឹងទន្លេសាប..

ខេត្តសៀមរាប : សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង សហការជាមួយអាជ្ញាធរក្រុងសៀមរាប-  អង្គការ Oxfam និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញ នៅតំបន់០៣ នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។

លោក គង់ មង្គល ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង មានប្រសាសន៍នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២នេះថា កូនឈើព្រៃលិចទឹកនេះមានជាង ០១ពាន់ដើម បានដាំនៅលើផ្ទៃដីជាង ០៣ហិកតា ដែលជាការដកហូតពីជនខិលខូចលួចកាប់ទន្រ្ទានកន្លងមក ។ ការដាំនេះ ក្នុងគោលបំណង ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ទឹកជាជម្រកត្រីពងកូននារដូវវស្សា ។

លោកបានបន្ដថា កូនឈើទាំងនោះមានជាច្រើប្រភេទ រួមមាន : ដើមរាំងទឹក- ដើមឬស្សី- ដើមម្ដេញ និង ដើមសណ្ដាន់ ដែលជាជំនួយពីអង្គការអហ្វហ្វាមផង និងជា របស់សហគមន៍ទេសចរណ៍ផង ។

លោកបានបន្ដទៀតថា សហគមន៍ទេសចរណ៍មួយនេះ នឹងបន្ដបណ្ដុះកូនឈើព្រៃលិចទឹករាប់ពាន់ដើមទៀត ដើម្បីទុកយកទៅដាំក្នុងតំបន់៣ នៃព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារំាងបន្ថែមទៀតនៅលើផ្ទៃដីប្រមាណ៥០ហិកតា ដែលរងការឆាបឆេះកាលពីឆ្នាំទៅមិញ ។

ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួលអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល ហៅកាត់(Fact,ហ្វេក) មានប្រសាសន៍ថា ការដាំព្រៃលិចទឹកនេះ មានសារ:សំខាន់បំផុត ព្រោះព្រៃលិចទឹក ជាជម្រកត្រីពងកូន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់កន្ថយការហូរច្រោះដីចូលបឹងទន្លេសាប ជម្រកសត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញអ្នកទេសចរផងដែរ ។

លោក បន្ដថា អង្គការ Fact មានការគាំទ្រយ៉ាងខ្លាំង ដែលបានសម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្ដ្រី ដកហូតដីព្រៃលិចទឹកពីជនខិលខូច ហើយធ្វើការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញនេះ ។

លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក ហើយរួមគ្នាដាំដើមឈើលិចទឹកឡើងវិញ ឲ្យបានច្រើននាថ្ងៃខាងមុខ ។

ចំណែក លោក ប៊ូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់០៣ ដែលបានដកហូតពីជនខិលខូចកន្លងមក នៅទូទាំងខេត្ដសៀមរាប មានចំនួនជាង ២,៤០០ហិកតា ប៉ុន្ដែរដ្ឋបាលក្រុង មានផែនការដាំស្ដារឡើងវិញជាបន្ដបន្ទាប់ នូវដើមឬស្សី- ដើមរាំង និង គ្រាប់ត្នោត ក្នុងសង្កាត់ទាំង ០៧សង្កាត់ នៅលើទីតាំងជាប់បឹងទន្លេសាប ដែលបានទន្ទ្រានឈូសឆាយកាន់កាប់កន្លងមក ។

លោកបន្ដថា នៅពេលដែលទឹកទន្លេសាបស្រក នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀត រហូតដល់គ្រប់ផែនការ ដែលរាជរដ្ឋាភិបាលបានកំណត់ ៕ ប្រភព fb : Kahjarith Kiav

អត្ថបទ និងរូបភាព: លោក បូ សាវី កែសម្រួលដោយ លីវ សុខុន!

អត្ថបទដែលជាប់ទាក់ទង