បណ្ឌិត ចាន់ សំអាន និងភរិយា ចូលរួមពិធីបុណ្យសព មហាឧបាសិកា សោម លេន ត្រូវជាម្តាយធម៌..

ខេត្តតាកែវ : លោកសាស្ត្រាចារ្យបណ្ឌិត ចាន់ សំអាន អគ្គនាយកក្រុមហ៊ុន រីអានប៊ីហ្សខូ ឯ.ក និងភរិយា ព្រមទាំងបុត្រ បានមកចូលរួមពិធីបុណ្យសពអ្នកម្តាយធម៌ គឺមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ត្រូវជាញោមបង្កើត សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងព្រះមេគណរាជធានីភ្នំពេញ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១ និង ៤០ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសព ត្រូវបានប្រារព្ធធ្វើតាមប្រពៃណី ព្រះពុទ្ធសាសនា ចំនួន ០៣យប់ ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅគេហដ្ឋានស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែតខេត្តតាកែវ។

សពត្រូវបានដង្ហែបូជា នៅល្ងាចថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។

នាពិធីបុណសព លោកបណ្ឌិត ចាន់ សំអាន បញ្ជាក់ថា រូបលោក បានមកចូលរួមពិធីបុណ្យសព ចាប់ពីថ្ងៃដំបូង រហូតដល់វេលាត្រូវជូនដំណើរ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភរ៍ សោម លេន ចុងក្រោយ ដើម្បីឆ្ពោះទៅកាន់ទីឈាបនដ្ឋាន នៃវត្តសំរោងរ័ត្ន ស្ថិតនៅក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

លោកស្តាស្ត្រាចារ្យ ចាន់ សំអាន បញ្ជាក់បន្ថែមថា “រូបលោក ពិតជាមានសោកស្តាយ ដែលបាត់បង់ស្ដ្រីខ្មែរដ៏ឆ្នើម ព្រោះថា អ្នកម្ដាយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភរ៍ សោម លេន តែងផ្តល់នូវកម្លាំងចិត្តគ្រប់បែបយ៉ាង មកដល់កូន ចៅ ហើយអ្នកម្ដាយ តែងតែញញឹម លើកទឹកចិត្តដល់កូនៗ ឱ្យខំប្រឹងប្រែងរៀនសូត្រ និងប្រព្រឹត្តខ្លួនឱ្យល្អ ត្រូវសេពគប់ កល្យាណមិត្ត ទើបញ៉ាំងជីវិត ឱ្យបានចម្រើនខ្ពង់ខ្ពស់ និងមានកិត្តិយសថ្លៃថ្នូរ ។

លោកបណ្ឌិត ចាន់ សំអាន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កាលអ្នកម្ដាយនៅមានជីពជន្ម បាន និយាយថើរៗមួយៗ ប្រកបដោយក្រមសីលធម៌ និងមានគុណធម៌ល្អណាស់ មកកាន់កូនៗគ្រប់រូប ពោលគឺអ្នក ម្ដាយមិនដែលបន្ទោសកូនៗនោះឡើយ ។ ប៉ុន្តែពេលនេះ អ្នកម្ដាយ បានឃ្លាតឆ្ងាយពីកូនៗជារៀងរហូតហើយ តែទោះ ជាយ៉ាងណា កូនៗនឹងចងចាំ នូវរាល់ការទូន្មានប្រៀនប្រដៅ ដ៏ល្អ របស់អ្នកម្ដាយ ដើម្បីរក្សាទុកក្នុងក្រអៅបេះដូង ជាប់ជានិច្ចនិរន្ដរ៍ ។ ហើយ សូមបដិសន្ធិវិញ្ញាណ របស់អ្នកម្ដាយ អញ្ជើញទៅសោយសុខក្នុងសុគតិភពកុំបីខាន ។

ដោយសេចក្ដីស្រឡាញ់ និងគោរពពីកូនប្រុសធម៌ម្នាក់ របស់អ្នកម្ដាយ គឺលោកសាស្រ្ដាចារ្យ បណ្ឌិត ចាន់ សំអាន អគ្គនាយកក្រុមហ៊ុន រីអានប៊ីហ្សខូ ឯ.ក ព្រមទាំងភរិយា ចៅប្រុសទាំងពីរ និងសហការីទាំងអស់ នៃសាលា រីអាន អន្ដរជាតិ ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង