ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វក្រាស់ធំ ១ក្បាលទៀត ទៅលែងក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ : លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តនាំយកសត្វក្រាស់ ទម្ងន់ធ្ងន់ចំនួន ០១ក្បាលទៀត ទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ។ ហើយថា ការលែងលើកនេះ គឺជាការលែងលើកទី១៣០ ។
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា គ្រប់ពេលរូបគាត់ នាំយកសត្វក្រាស់ ឬសត្វល្មិច ទៅលែងម្តងៗ គឺ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្រាប់សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលត្រូវបានលែងចូលទៅក្នុងសមុទ្រឡើងវិញ ។ ហើយ សៀលនេះ  គឺជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ។

លោកឧកញ៉ា បន្តថា សៀលដែលកឹបលើសត្វក្រាស់លើកនេះ គឺ មានលេខ KH 0392 ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់អត្ថន័យ នៃការកឹបសៀលទៅលើសត្វល្មិច ថាមានសារៈសំខាន់បំផុត ក្នុងការអភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ព្រោះថា ប្រសិនបើអ្នកនេសាទ ចាប់បានសត្វក្រាស់ ឬសត្វល្មិច ដែលមានកឹបសៀលសម្គាល់ គឺអ្នកនេសាទទាំងអស់ គឺទាំងនៅក្នុងប្រទេសកម្ពុជា ឬអ្នកនេសាទនៅតាមបណ្តាប្រទេសនានា នឹងលែងសត្វល្មុចទាំងនោះ ចូលទៅក្នុងទឹកសមុទ្រវិញ ដោយមិនសម្លាប់ ឬនាំយកទៅធ្វើអាជីវកម្មនោះទេ ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ជាបន្តបន្ទាប់មកនេះ ឃើញអ្នកនេសាទភាគច្រើន នៅពេលពួកគាត់ នេសាទបានសត្វក្រាស់ ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនរូបលោកដើម្បីនាំយកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទទាំងអស់ ដែលចូលរួមជួយអភិរក្សការពារសត្វសមុទ្រកម្រជាសកល ជាមួយរូបលោក និងរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង