ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន

ខេត្តសៀមរាប ៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន ។ នៅក្នុងឆ្នាំ២០២២នេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ អ្នកស្រុកក្នុងតំបន់អង្គរ ក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទ វត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀត ក្នុងតំបន់អង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន ទាំងនេះ សបញ្ជាក់ឱ្យឃើញថា អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាល ដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន ។

អ្នកភូមិជឿថា ការធ្វើពិធីឡើងអ្នកតា គឺនាំឱ្យកូនចៅសុខសប្បាយ ធ្វើស្រែចម្ការ ទទួលបានភោគផលច្រើន ចៀសផុតពីជំងឺ ។ ដូច្នេះហើយ ទើបពួកគាត់ត្រូវរៀបចំ ពិធីនេះមិន ដែលអាក់ខានឆ្នាំណាទេ គឺទៅតាមលទ្ធិភាព ព្រោះអ្នកតា គឺជាវត្ថុស័ក្តិសិទ្ធិ អ្នកថែរក្សាស្រុក ជាអ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិន អាចមើលងាយ ឬលេងសើចបានទេ ។

លោកយាយ កែវ ចន្លុះ រស់នៅភូមិវាល សង្កាត់គោកចក ចូលរួមក្នុងពិធីឡើងមាឃ នៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា តាមទំនៀមប្រពៃណីពីបុរាណកាលមក មិនដែលខកខានឡើយ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ ប្រជាពលរដ្ឋតែងតែមាន ការជួបជុំគ្នា ប្រារព្ធពីធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីចម្រើនទៅតាម ជំនឿរបស់ខ្លួន ។

សូមបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្វឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្ត ព្រះសង្ឃសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និង ពេលរសៀល មានរៀបចំជាគ្រឿងសក្ការៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ ៕

អត្ថបទដែលជាប់ទាក់ទង