
អ្នកស្រី ឱ វណ្ណឌីន បានរំលឹកដល់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីបានទទួលវ៉ាក់សាំងរួច ហើយត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចបើកប្រទេសឡើងវិញនាពេលកន្លងទៅ គឺ បានចាប់ផ្តើមរស់នៅ ប្រកបរបរ ឬអាជីវកម្មផ្សេងៗ ជាធម្មតារួចហើយដែរ ប៉ុន្តែអ្វីដែលអ្នកស្រី សង្កេតឃើញ គឺមានប្រជាពលរដ្ឋមួយចំនួន ហាក់ដូចជាបំភ្លេច ឬភ្លេចខ្លួនពីការរស់នៅ តាមបែប “ប្រក្រតីភាពថ្មី”។
ត្រង់ចំណុចនេះ អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ទោះបីជា យើងបានវិលទៅរស់នៅជាធម្មតាវិញមែន ប៉ុន្តែមិនមែនធម្មតា ដូចមុនពេលប្រទេសកម្ពុជា មិនទាន់មានមេរោគកូវីដ-១៩ រាតត្បាតនោះទេ។ ព្រោះការរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី គឺត្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការការពារនានារួមមាន៖ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ឲ្យបានទាំងអស់គ្នា ទើបជាការត្រឹមត្រូវ។ ជាពិសេស នៅក្នុងបរិបទ កម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ដែលជាប្រភេទឆ្លងលឿន និងគ្មានដែនកំណត់។
បន្ថែមលើនេះ អ្នកស្រីវេជ្ជបណ្ឌិត ក៏បានលើកឡើងពីការផ្លាស់ប្តូរនីតិវិធី និងបែបបទ នៃការចាក់វ៉ាក់សាំងតាមបែបទន់ភ្លន់ ហើយសម្រេចថា នឹងធ្វើជំរឿនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ដែលមិនទាន់បានចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញជាដើម ដោយមូលហេតុ ឬកត្តាផ្សេងៗ ដោយតម្រូវឲ្យក្រុមការងារ របស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងមិនរង់ចាំឱ្យបងប្អូនមកចាក់ទៀតទេ ដោយសម្រេចថា នឹងចុះចាក់ថ្មាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងនោះ ដល់មូលដ្ឋានពួកគាត់រស់នៅជាក់ស្តែង។

អ្នកស្រីបន្តថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ សម្រេចចាក់បាន៖ ១០ ២០៩ ១៤៣ នាក់ សម្រាប់ក្រុមមនុស្សមានអាយុ ១៨ឆ្នាំឡើង ឬស្មើនឹង ១០២.០៩% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ សម្រេចចាក់បានចំនួន ១ ៨១៩ ៩៤៣ នាក់ ស្មើនឹង ៩៩.៥៩% នៃក្រុមគោលដៅសរុបជាង ១លាន ៨សែននាក់។
ចំណែក សម្រាប់កុមារមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំវិញ ចាក់បានចំនួន ២ ០១២ ៣១៤ នាក់ ឬស្មើនឹង ១០៦.០៦% នៃក្រុមគោលដៅសរុបជិត ១លាន ៩សែននាក់។ ហើយចំពោះ ក្រុមកុមារមានអាយុ ០៥ឆ្នាំ មានចំនួនប្រមាណជាង ៣០ម៉ឺននាក់ គឺចាក់បាន ៣២៥ ៦៣៤ នាក់ ឬស្មើនឹង ១០៧.០០%។
សរុបប្រជាពលរដ្ឋទូទាំងប្រទេស សម្រេចចាក់វ៉ាក់សាំងបង្ក្ការបានចំនួន ១៤ ៣៦៧ ០៣៤ នាក់ ឬស្មើនឹង ៨៩.៧៩% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ ហើយថា ស្ថិតិខាងលើនេះ គឺជាស្ថិតិខ្ពស់នៅក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន- ដូសទី៣ និងដូសទី៤៕
