ខេត្តកែប នឹងមានឆ្នេរខ្សាច់កម្សាន្តកាន់តែធំទូលាយ បន្ទាប់ឆ្នេរខ្សាច់ជិត៣ពាន់ម៉ែត្រទៀត ស្ថាបនារួចស្ទើរ​១០០%

ខេត្តកែប ៖ អភិបាលខេត្តកែប គឺលោក សោម ពិសិដ្ឋ មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២​ថា គិតមកត្រឹមសប្តាហ៍ទី១ ដើមខែកុម្ភៈនេះ ដំណើរការ នៃការអនុវត្តឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង ២.៧០០ម៉ែត្រ នៅឆ្នេរខេត្តកែប បានចាក់ដីបំពេញស្ទើរ​ ១០០ភាគរយ​ហើយៗ ជំហ៊ានបន្ត នឹងអនុវត្តចាក់ខ្សាច់បំពេញប្រវែង ៣០ម៉ែត្រទៀត។ ហើយគម្រោង​ចាក់ខ្សាច់​បំពេញនេះ នឹងចាប់ផ្តើមអនុវត្តនៅដើមខែមីនាខាងមុខ​។
លោកអភិបាលបន្តថា ចំណែកផ្លូវចំនួន ០៥ខ្សែ ​មានវិថី២ និងអនុវិថី​៣ សម្រេចការស្ថាបនា បាន ៨០ភាគរយហើយៗ គ្រោងនឹងបញ្ចប់ការសាងសង់ មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងឆ្នាំ២០២២នេះ។ តាមរយៈគម្រោងនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកំពត រំពឹងថា ខេត្តកែប នឹងអាចពង្រីកតំបន់ឆ្នេរកម្សាន្ត បានកាន់តែច្រើន និងមានភាពប្រណីត ហើយឈានទៅទាក់ទាញកំណើនភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ បានកានតែ​ច្រើនថែមទៀតនាថ្ងៃខាងមុខ។ ហើយតាមរយៈកំណើនភ្ញៀវទេសចរនេះ នឹងអាច​ជួយឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ អាចរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ បានកាន់តែប្រសើរថែមទៀត។ ហើយក៏ជាមោទនភាព របស់រដ្ឋបាលខេត្តកែប ក៏ដូចជាប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងកែលម្អឆ្នេរភក់ ប្រែក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានប្រវែង ២.៧០០ម៉ែត្រ គឺបានស្ថាបនាចាប់ពីផ្សារក្តាម ឆ្ពោះទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប​។ ហើយគម្រោងខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (គ.អ.ឆ.ក.) បានប្រកាសឲ្យអនុវត្តន៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១​​ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងផ្អែកលើស្មាតីកិច្ចប្រជុំកាលពីថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១៕
អត្ថបទដែលជាប់ទាក់ទង