មន្ត្រីពន្ធដារខេត្តព្រះសីហនុ ចាប់ផ្តើមចុះត្រួតពិនិត្យពន្ធយានយន្ត ដែលមិនបានបង់ពន្ធឆ្នាំ២០២១


សេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនទៅម្ចាស់យានយន្តទាំងអស់ថា អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារឯកភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួត ពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ។
សេចក្តីជូនដំណឹងដដែលនេះ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ ឲ្យបានបានគ្រប់ៗគ្នា និងឲ្យបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ដើម្បីចៀសវាង នូវក្រុមការងារចម្រុះ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចុះឃាត់យានយន្តតាមដងផ្លូវ តម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខាតវេលា និងកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរ ដែលអាចនឹងកើតមានឡើង ដោយប្រការណាមួយជាយថាហេតុ..៕ ដោយ៖ មិន ឌីណា