​ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតស្ត្រីឈឺពោះ ធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់ទៀត ​ឲ្យរួចពីសេចក្តីស្លាប់

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងថា នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២២ រូបលោក ​បានបញ្ជូនបុគ្គលឹក និងអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទាំងកណ្តាលយប់ ឲ្យចេញ​ទៅទទួល​យក​ស្ត្រីមានផ្ទៃពោះឈឺជំងឺធ្លាក់ឈាមធ្ងន់ធ្ងរម្នាក់ រស់នៅលើកោះរ៉ុង មក​​សង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យ​ឯក្រុងព្រះសីហនុ​​។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រី​រងគ្រោះខាងលើ មានឈ្មោះ វ៉ា ស្រីនិច អាយុ ២២ឆ្នាំ មានប្តី ឈ្មោះ ជា ពិសិដ្ឋ អាយុ ២៣​ឆ្នាំ និងមានមុខរបរជាកម្មករ ស្ថាបនាផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ លោកបន្តថា ក្រោយរូបលោកទទួលបានព័ត៌មាន​ថា មានស្ត្រីម្នាក់មានជំងឺធ្លាក់ឈាម​ធ្ងន់ធ្ងរ ហើយខ្វះមធ្យោបាយដឹកជញ្ជូនមក​សង្គ្រោះនៅមន្ទីរពេទ្យលើដីគោក និងដោយមានការស្នើសុំផ្ទាល់ពីក្រុមគ្រួសារ​ស្ត្រីរងគ្រោះផង រូបលោកក៏បានបញ្ជូនអូរប័រពេទ្យជាបន្ទាន់ ទៅដឹកស្ត្រីរងគ្រោះទាំងយប់កណ្តាលអាធ្រាត្រ ធ្វើយ៉ាងណាបញ្ជូនស្ត្រីរងគ្រោះ ឲ្យទៅដល់មន្ទីរពេទ្យឲ្យបានឆាប់បំផុត។

ផ្តើមពីទឹកចិត្តមនុស្សធ៌មនេះ ទើបជាបន្តបន្ទាប់មក​ ឃើញមានក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះជាអ្នកជំងឺផ្ទាល់ តែង​ជួបថ្លែងអំណគុណ​ លោកឧកញ៉ា ទៀ វិចិត្រ ដោយផ្ទាល់ផង និងតាមរយៈបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានាផង ដោយលើកឡើងប្រហាក់ប្រហែលគ្នា ថា បើមិនមានការជួយសង្គ្រោះពី លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រដឹកមកពេទ្យទាន់ពេលទេ គឺពួកគាត់បានស្លាប់នៅលើដីកោះ កណ្តាលសមុទ្របាត់ទៅហើយ។

ងាកមកសមាជិកគ្រួសារស្ត្រីរងគ្រោះ ​ឈ្មោះ វ៉ា ស្រីនិច ​ដែលត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រពេទ្យ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ រួចផុតពីសេចក្តីស្លាប់ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ​បានថ្លែងអំណគុណ លោកឧកញ៉ា ទៀ ចិត្រ ដែលបានជួយសង្គ្រោះសមាជិកក្រុមគ្រួសារគាត់​ទាន់ពេល ហើយថាគុណនេះ ​ក្រុមគ្រួសារគាត់មិនអាចបំភ្លេចបានទេ ទាំងក្នុងជាតិនេះ ឬបើមានជាតិក្រោយ ក៏មិនអាចបំភ្លេចបានដែរ។

ស្ត្រីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន ​​G.T.V.C លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ ​ក្រុងព្រះសីហនុ ភ្លាមៗ រួចដឹកបន្ត​តាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយជោគជ័យ។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះខាងលើ ត្រូវ​ក្រុមគ្រូពេទ្យជួយសង្គ្រោះ​​រួចផុតពីសេចក្តីស្លាប់ និងមានសុខភាពល្អធម្មតាវិញ​ហើយៗ ​ត្រូវបានគ្រូពេទ្យអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យទៅកាន់លំនៅដ្ឋានវិញហើយដែរ។

ជាងនេះទៀត ដោយមើលឃើញស្ត្រីរងគ្រោះ មានជីវភាពខ្វះខាតខ្លាំង ​លោកឧកញ៉ា ​ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារ​ក្រុមហ៊ុន ជី.ធី.វី.ស៊ី នាំយកថវិកាចំនួន ០១លានរៀល​ទៀត យកទៅប្រគល់ជូនស្ត្រីរងគ្រោះ ទុកសម្រាប់ដោះស្រាយជីវភាពគ្រួសារ ថែមទៀតផង​។

ផ្តើមពីទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃ​ របស់ លោកឧកញ៉ា ទៀ វិចិត្រ ទើបជាបន្តបន្ទាប់មកនេះ គេតែងឃើញមានក្រុមគ្រួសារជនរងគ្រោះជាច្រើននាក់ ​ទាំងប្រជាពលរដ្ឋ​​រស់នៅក្រុងកោះរ៉ុង និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ​ដែលមានជំងឺធ្ងន់ ហើយខ្វះមធ្យោបាយដឹកជញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ​លើដីគោក ដែលត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រពេទ្យ ​ដឹក​មកសង្គ្រោះ​អាយុជីវិតទាន់ពេល ​​បានថ្លែងអំណគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ​ជាបន្តបន្ទាប់។ ដោយ​ពួកគាត់ទាំងនោះ ​និយាយទាំងអួលដើមកថា ប្រសិនបើមិនមានការជួយសង្គ្រោះពី លោកឧកញ៉ា ទៀ វិចិត្រ ទាន់ពេលទេ ម្លេះសមពួកគាត់ ឬសមាជិកក្នុងក្រុមគ្រួសារគាត់ ដែលមានជំងឺធ្ងន់​ជាប់ ​នៅលើដីកោះទាំងនោះ នឹងមិនអាចមានជីវិតរស់នៅ ឃើញពន្លឺថ្ងៃ លើភពផែនដីនេះទៀតទេ៕

 

អត្ថបទដែលជាប់ទាក់ទង