​ត្រឹមថ្ងៃទី​៩ ខែកុម្ភៈ ​សាខាពន្ធដារខេត្តព្រះសីហនុ ​ចាប់រថយន្តអត់បង់ពន្ធជិត១៨០គ្រឿង និងផាកពិន័យជិត​២០០លានរៀល

ខេត្តព្រះសីហនុ៖ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា មន្ត្រីពន្ធដារខេត្ត សហការពីសមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បាន​ចុះអនុវត្តការត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (លើកលែងម៉ូតូ) សម្រាប់ឆ្នាំ២០២១ ចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលខកខានមិនបានបំពេញកាតព្វកិច្ច បង់ពន្ធប្រចាំឆ្នាំ ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ ។

លោកបន្តថា សកម្មភាពចុះត្រួតពិនិត្យលើមធ្យោបាយយានយន្ត ​ខាងលើនេះ ​បានចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០២២​ នៅតាមដងផ្លូវនានា ក្នុងក្រុងព្រះសីហនុ ហើយបន្ទាប់មក ក៏នឹងបន្តចុះត្រួតពិនិត្យ​ នៅតាម​ក្រុង- ស្រុក ទូទាំងខេត្តព្រះសីហនុថែមទៀត ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះម្ចាស់យានយន្ត ដែល​មិនបានបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ២០២១ កន្លងទៅ គឺតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ត្រូវបង់ប្រាក់ពន្ធធម្មតាផង និងត្រូវបង់ពន្ធបន្ថែម នូវប្រាក់ពិន័យផង ។ ហើយថា ប្រាក់ពិន័យនោះ គឺមានចំនួនស្មើនឹងប្រាក់ពន្ធ​ដែរ ។ លោកបន្តថា គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០២២ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះ បានចាប់ឃាត់រថយន្តចំនួន ១៧៦គ្រឿង (​អត់ពិន័យ៤គ្រឿងព្រោះជាប្រភេទរថយន្តថ្មី)​ សរុបទឹកប្រាក់ទាំងបង់ពន្ធនិងផាកពិន័យមានចំនួន ជិត ២០០លានរៀល ។ ហើយរថយន្តភាគច្រើន ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ​២០២១ ហើយត្រូវ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ ចាប់ឃាត់ឲ្យបង់ពន្ធ និងផាកពិន័យ គឺបើកបរ ឬប្រើប្រាស់ ដោយជនជាតិចិន ។

​ទាក់ទិនបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការ ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ។

សេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនទៅម្ចាស់យានយន្តទាំងអស់ ថា អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារឯកភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការ ជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួត ពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជ ធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ។

សេចក្តីជូនដំណឹង​ដដែលនេះ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿ ថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសា​រ​ពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាស​បង់ពន្ធ ឲ្យបានបានគ្រប់ៗគ្នា និងឲ្យ​បានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ដើម្បីចៀសវាង ​ក្រុមការងារចម្រុះ រួម​សហ​ការជាមួយ អាជ្ញាធរមានសមត្ថ កិច្ចថ្នាក់ក្រោមជាតិ ចុះឃាត់យានយន្តតាមដងផ្លូវ តម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យ​ខាតវេលា និងកកស្ទះចរាចរណ៍ ក្នុងពេល​ធ្វើដំណើរ ដែលអាចនឹងកើតមានឡើង ដោយ​ប្រការណាមួយកើតឡើង..៕ ដោយ៖ កម្ពុជាថ្ងៃនេះ

អត្ថបទដែលជាប់ទាក់ទង