រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យរៀបចំកៅអីអង្គុយ មិនឲ្យលើសពី៧នាក់ក្នុងមួយតុ ក្នុងពិធីមង្គលការ និងពិធីផ្សេងៗ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី ០៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់ នូវវិធានការ សុខាភិបាល ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា:  កន្លែងរៀបចំពិធីមង្គលការ- ភោជនីយដ្ឋាន- ពិធីបុណ្យទាន- កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន។

សេចក្តីណែនាំចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា:  កន្លែងរៀបចំពិធីមង្គលការ- ភោជនីយដ្ឋាន- ពិធីបុណ្យទាន- កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអី អង្គុយ មានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី ០៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដូចជា: ត្រូវបាញ់អាកុល ឬដែលលាងដៃ- វាស់កំដៅ- រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស។ ហើយការដោះម៉ាស ចេញក្នុងអំឡុងពេល ទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញ នៅពេលងើបចេញពីតុ។

ទន្ទឹមគ្នានេះ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល ៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាង នូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង