បុរសលក់ត្នោតជូរម្នាក់ គាំងបេះដូងស្លាប់ នៅលើចុងត្នោត

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា បុរសម្នាក់ មានកូន ២នាក់ ក្នុងបន្ទុក មានរបរលក់ទឹកត្នោតជូរ និងធ្វើត្នោតគាបយកទឹកមកផលិតជាទឹកត្នោតជូរ ទាំងខ្លួនមានជំងឺបេះដូងប្រចាំកាយរ៉ាំរ៉ៃ ដើម្បីលក់រកប្រាក់ចិញ្ចឹមជីវិតគ្រួសារ តែអកុសលអាក្រក់ ពេលឡើងដល់លើចុងត្នោត ហើយកំពុងអោនក្បាលគាបផ្កាត្នោត ដើម្បីយកទឹក ក៏បានគាំងបេះដូង ដាច់ខ្យល់ស្លាប់ នៅលើចុងត្នោតតែម្តង ។

សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា តាមការលើកឡើង របស់គ្រូគរុសិស្ស រៀនសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល បញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ពួកគាត់ បានឃើញជនរងគ្រោះមកឡើងត្នោតដូចសព្វដង ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយមក ក៏ឃើញធ្លាក់ធ្នៀបគាបផ្កាត្នោត ចុះក្រោម ហើយពេលពួកគាត់ ងើបមើលទៅលើចុងត្នោត ក៏ឃើញជនរងគ្រោះ ដេកនៅលើដើមត្នោត ហើយក៏បានស្រែកហៅ តែជនរងគ្រោះ មិនមានការឆ្លើយតបទេ។ បន្ទាប់មក ក៏បានរាយការទៅ សមត្ថកិច្ច ឱ្យចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ។ ពេលក្រុមគ្រួសារជនរងគ្រោះ មកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុះក្រោម ។ បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹតទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ប៉ុន្តែពេលគ្រូពេទ្យ មកដល់ប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញ ក៏បានប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប្រភព ៖ AMS

អត្ថបទដែលជាប់ទាក់ទង