ផ្លូវល្បឿនលឿនពី ភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២នេះ

រាជធានីភ្នំពេញ ៖ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ចាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនចេញពីរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែម្តង។

លោកបន្តថា ចំពោះការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ន នៅខែកក្កដាខាងមុខ ស្របពេលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ) ពី ៧ម៉ែត្រ ទៅ ១១ម៉ែត្រ។

ទន្ទឹមគ្នា ការដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្រសួង នឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ អំពីការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ហើយផ្លូវល្បឿនលឿននេះ នឹងមិនអនុញ្ញាតឲ្យម៉ូតូតូច និងរថយន្តដែលបើកបរក្នុងល្បឿនយឺត ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងបើកបរលើផ្លូវនេះឡើយ។

ផ្លូវនេះ ឆ្លងកាត់ រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ- ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ – ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨០គីឡូម៉ែត្រ- ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

គួររំលឹកថា ផ្លូវល្បឿនលឿនពីភ្នំពេញ ឆ្ពោះទៅ ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង