​សាស្ត្រាចារ្យ ចាន់ សំអាន ​ចែករំលែកបទពិសោធន៍ដល់ និស្សិតសាកលវិទ្យា ​UME​ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកសាស្ត្រាចារ្យ ចាន់ សំអាន  នៅព្រឹកថ្ងៃសុក្រ ​ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចូលរួមចែករំលែកបទពិសោធន៍ គំនិត មតិយោបល់ ដល់ប្អូនៗ និស្សិត នៃ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ឬហៅកាត់ ​(UME) សាខាខេត្តព្រះសីហនុ ។

សារចែកលែក នូវចំណេះដឹង និងជំនាញពិតប្រាកដខាងលើនេះ ធ្វើឡើងនៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ នាឱកាសពិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជំនាន់ទី១៩ វគ្គ១ ឆ្នាំសិក្សា ២០២១-២០២២ ដោយមានសាស្ត្រាចារ្យ និង​និស្សិតរាប់រយនាក់ បានចូលរួម​។

គណៈគ្រប់គ្រងសាកលវិទ្យាល័យ UME បានឲ្យដឹងថា ​នៅក្នុងកម្មវិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីខាងលើនេះ គឺ​មានគោលបំណងពន្យល់ណែនាំនិស្សិត អំពីគោលការណ៍នានា របស់សាកលវិទ្យាល័យ និងរបៀបសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រមទាំងមានការចូលរួមចែករំលែក នូវ​បទពិសោធន៍នានាពី លោកសាស្ត្រាចារ្យ នៅតាមមហាវិទ្យាល័យនីមួយផងដែរ។

សាកលវិទ្យាល័យ UME ​មានចក្ខុវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យក្លាយទៅជាមូលធនមនុស្ស ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ហើយថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ឬUME​ ​បានបង្កើតដោយ ឯកឧត្តមបណ្ឌិត ទុន ភក្ដី ដែលជាសាកលវិទ្យាធិការ ក្នុងភូមិភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា​។ ​ក្នុងឆ្នាំ១៩៩៨ សាកលវិទ្យាល័យ UME​ មានឈ្មោះដើមថា «មជ្ឈមណ្ឌលបាត់ដំបង» ដែលបណ្ដុះបណ្ដាលត្រឹមថ្នាក់បរិញ្ញាបត្ររងតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយមានការស្នើសុំពីក្រុមនិស្សិត ឱ្យមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតបន្ត ទើប មជ្ឈមណ្ឌលនេះ ក៏បាន​ប្រែក្លាយ​ទៅជាវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០ ដោយបណ្ដុះបណ្ដាលលើថ្នាក់បរិញ្ញារង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ហើយនៅក្នុង​ឆ្នាំ២០០៦ បានពង្រីកសមត្ថភាព របស់ខ្លួន ឱ្យតែកាន់ធំទូលាយ។

ដោយឡែកចំពោះ សាខាសាកលវិទ្យា UME ខេត្តព្រះសីហនុវិញ គឺបានបង្កើតទីតាំង និងបណ្ដុះបណ្ដាលតាំងពីឆ្នាំ២០០៣ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ ហើយ គិតមកទល់ពេលនេះ សាកលវិទ្យាល័យ UME សាខាខេត្តព្រះសីហនុ​ បានប្រាព្វពិធីប្រគល់សញ្ញាបត្រជូននិស្សិត ១៥ជំនាន់ រួចមកហើយ ក្រោមអធិបតីភាពឥស្សរជនជាន់ខ្ពស់ របស់សាកលវិទ្យាល័យ ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា​ផងដែរ។

ងាកមក ពិធីបើកបវេនកាល និងតម្រង់ទិសនិស្សិតថ្មី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ឆ្នាំ២០២២នេះ ក៏មានការចូលរួម និងផ្ដល់មតិយោបល់ល្អៗពី សាស្ត្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំ ដែលកំពុងបង្រៀន នៅក្នុងសាកលវិទ្យាល័យនេះតែម្តង​ រួមមាន៖

– លោក ឈិន រតនា នាយកសាខា – លោក ម៉ុច វុត្ថា នាយកសាខា និងគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ – សាស្ត្រាចារ្យបង្រៀនគ្រប់មហាវិទ្យាល័យនីមួយៗ។ ក្នុងនោះ ក៏មានការចូលរួមមតិចែករំលែកចំណេះដឹងពី លោកសាស្ត្រាចារ្យ ចាន់ សំអានផងដែរ។

នាឱកាសនោះ លោក សាស្ត្រាចារ្យ ចាន់ សំអាន បានពន្យល់ ដល់និស្សិតទាំងអស់ ត្រូវរក្សាឲ្យបាន នូវ​ក្រមសីលធ៌ម សុជីវធម៌ គុណធម៌ ចំណេះពិត និង ជំនាញពិត ទើប មនុស្សយើងម្នាក់ៗ ទទួលបានជោគជ័យ លើគ្រប់វិស័យ ដែលជាគោលដៅ របស់មនុស្សទាំងអស់គ្នាចង់បាននៅថ្ងៃអនាគត។

លោក សាស្រ្តាចារ្យចាន់ សំអាន ឲ្យដឹងដូច្នេះ រួចបាន​ផ្ដាំផ្ញើបន្តទៀតថា អ្នកមានពិតប្រាកដ ត្រូវមាន ១. សុខភាពផ្លូវកាយ ២. សុខភាពផ្លូវចិត្ត ៣. សុខភាព ផ្លូវភេទ ៤. ត្រូវមានស្ថេរភាពសេដ្ឋកិច្ច ៥. ត្រូវមានពេលគ្រប់គ្រាន់ សម្រាប់ សេពគប់កល្យាណមិត្ត និង ៦. ត្រូវមានសេចក្ដីថ្លៃថ្នូរ និងកិត្តិយសក្នុងសង្គមជាតិ។

លោកសាស្ត្រាចារ្យ បន្ត​ថា ប្អូនៗ កូនៗ បានជ្រើសរើស​យក​សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច គឺជាជម្រើសដ៏ត្រឹមត្រូវ ​ព្រោះថា សាកលវិទ្យាល័យនេះ មានសាស្រ្តាចារ្យមានបទពិសោធន៍បង្រៀនល្អៗ បុគ្គលិកល្អៗ កម្មវិធីសិក្សាល្អៗ និងជំនាញល្អ សម្រាប់ទីផ្សារការងារ ជាពិសេស សាកលវិទ្យាល័យ UME​ បានបំពាក់នូវក្រមសីលធម៌ សុជីវធម៌ និងគុណធ៌មការងារ។ ដូច្នេះនិស្សិត្តគ្រប់ៗរូប ​នឹងមានពេលច្រើន សម្រាប់ការធ្វើស្វ័យសិក្សា ឬ ការងារផ្សេងៗ។

​ទោះជាយ៉ាងនេះក្តី ប្អូនៗនិស្សិត ក៏ត្រូវចាំថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារការងារ នៅក្នុងប្រទេសយើង គឺទាមទារឲ្យមនុស្ស ឬបុគ្គលគ្រប់ៗរូប មាន​ជំនាញបច្ចេកទេសត្រឹមត្រូវ ដែល ខុសប្លែកពីជាងដប់ឆ្នាំមុន សម្បូរការងារខាងអង្គការ និងកិច្ចការងារសហគមច្រើន ប៉ុន្ដែឥឡូវនេះ កម្ពុជា បានប្រែជាប្រទេស​និយមទៅ​លើសហគ្រាស និងពាណិជ្ជកម្ម។ ហេតុនេះ ចំពោះការងារផ្នែកធុរកិច្ច ពាណិជ្ជកម្ម និងគ្រប់គ្រងសហគ្រាស ធុនតូច និងមធ្យម កំពុងតែមានតម្រូវការបំផុត។

សាស្ត្រាចារ្យ ចាន់ សំអាន បញ្ជាក់បន្ថែមថា​ តាមការស្រាវជ្រាវនៅក្នុងពិភពលោក នាសតវត្សរ៍ទី​២១ នេះ ​តម្រូវការ​ការងារក្នុងភាពជាអ្នកដឹកនាំ ដែលបានប្រកួតប្រជែងទៅលើនិស្សិត គឺ​មាន ០៣ចំណុច រួមមាន៖ ​ខួរក្បាល (មានគំនិតឆ្នៃប្រឌិត គំនិតភាពជាអ្នកដឹកនាំ)- បច្ចេកវិទ្យា (កំពុងតែមានតម្រូវការនៅក្នុងទីផ្សារ ដែលសំខាន់ ចំពោះនិស្សិត ក្នុងការចាប់យកជំនាញបច្ចេកទេសព័ត៌មានវិទ្យា ហើយមួយទៀត ពិភពលោកកំពុង​មានការវិវឌ្ឍនជឿនលឿន។ ហើយ ដើម្បីប្រែក្លាយជាមនុស្ស ដែលសង្គមទទួលស្គាល់ មនុស្សគ្រប់គ្នា ត្រូវមានគុណធម៌នៅក្នុងខ្លួន គឺទី១- មិនសម្លាប់ មិនប៉ះពាល់ជីវិតអ្នកដទៃ, ទី២- មិនទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ, ទី៣- មិនប្រព្រឹត្តខុសនៅក្នុងព្រហ្មចរិយធម៌ សំដៅដល់ប្រពន្ធកូនអ្នកដទៃ ឬប្រព្រឹត្តខុស ចំពោះកូន របស់ខ្លួនឯង​ជាដើម, ​ទី៤- មិននិយាយកុហកភូតភរ បោកប្រាស់ និងទី៥- សំដៅដល់គ្រឿងសុរា គ្រឿងញៀន ឬក៏ថ្នាំ ឬគ្រឿងញៀនផ្សេងៗ ដែលធ្វើឲ្យមនុស្ស​បាត់អស់ នូវឧត្ដមគតិល្អ..។

នៅក្រោយបិទបញ្ចប់ នៃការធ្វើបទបង្ហាញ របស់ លោកសាស្ត្រាចារ្យ ចាន់ សំអាន គឺ​ លោកសាស្ត្រាចារ្យទាំងអស់ រួមទាំងគណៈគ្រប់គ្រង និងនិស្សិត សាកលវិទ្យាល័យ UME​ ទាំងអស់ បានបង្ហាញអារម្មណ៍រីករាយ ជាពិសេសក្រុមនិស្សិត បានសន្យាថា នឹងខំប្រឹងប្រែងរៀនសូត្រ ឲ្យមានជំនាញ ចំណេះ ពិតប្រាកដ និងគោរពវិន័យ ក្រមសីលធម៌ និង គុណធម៌ មិនថា នៅ​ផ្ទះ នៅទីសាធារណៈ ​នៅកន្លែងធ្វើការងារ និងនៅក្នុងថ្នាក់រៀននោះទេ៕ 

អត្ថបទដែលជាប់ទាក់ទង