អតិថិជនទិញផ្ទះល្វែងបុរី VIP ផ្ទុះការតវ៉ាព្រោះក្រុមហ៊ុន មិនបានសាងសង់ផ្ទះជូន តាមកិច្ចសន្យាទេ

ខេត្តព្រះសីហនុ៖ អតិថិជនទិញផ្ទះល្វែង ឬខុនដូរ របស់ក្រុមហ៊ុន បុរី VIP ខេត្តព្រះសីហនុ ប្រមាណ ៣០០នាក់ ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន បុរី VIP ក្នុងគោលបំណងធ្វើការទាមទារឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរី VIP ខេត្តព្រះសីហនុ ចេញមុខមកដោះស្រាយ ដោយផ្ទាល់ជាមួយពួកគាត់ ពាក់ព័ន្ធករណី បង់លុយគ្រប់ចំនួនអស់ហើយ ប៉ុន្តែក្រុមហ៊ុន មិនបានសាងសង់ផ្ទះជូនពួកគាត់ តាមកិច្ចសន្យា។

ការប្រមូលផ្តុំគ្នាតវ៉ានេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុខក្រុមហ៊ុន បុរី VIP មានទីតាំងស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អតិថិជនទាំងនោះ បានឱ្យដឹងថា ពួកគាត់ បានសម្រេចចិត្តទិញ ផ្ទះល្វែង របស់ក្រុមហ៊ុន បុរី VIP នេះ ក្នុងមួយល្វែងជាង ៦ម៉ឺនដុល្លារអាមេរិក ដោយការបង់លុយ អ្នកខ្លះបង់លុយតាមរបៀបបង់រំលោះ និងអ្នកខ្លះ បានបង់ផ្តាច់ ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំទៅហើយ អតិថិជនដែលបានទិញផ្ទះ របស់ក្រុមហ៊ុន បុរី VIP ប្រមាណ ៩០ភាគរយ នៅមិនទាន់ទទួលបានផ្ទះតាមកិច្ចសន្យា របស់ក្រុមហ៊ុននៅឡើយទេ។

ជាងនេះទៀត តាមការសង្កេតជាក់ស្តែងទីតាំង ដែលក្រុមហ៊ុន ចុះកិច្ចសន្យាសាងសង់លក់ផ្ទះល្វែង ឬខុនដូរ ឲ្យពួកគាត់នោះ គេឃើញមានសសរបង្គោលគ្រិះក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ដើមប៉ុណ្ណោះ និងកន្លែងខ្លះសូម្បីតែ សសរមួយដើមក៏គ្មានដែរ។

អតិថិជនទាំងនោះ បានបន្តទៀតថា ពួកគាត់សព្វថ្ងៃខំប្រឹងប្រែងរកប្រាក់ ដើម្បីយកមកបង់រំលោះផ្ទះល្វែងនៅក្រុមហ៊ុន បុរី VIP ខេត្តព្រះសីហនុនេះ គឺពិបាកខ្លាំងណាស់ ទំរាំបានប្រាក់មកបង់ជូនក្រុមហ៊ុន ពួកគាត់បង់លុយឲ្យក្រុមហ៊ុនមិនដែរខកខាន ឬសូមពន្យាពេលបង់នោះទេ ឲ្យតែដល់ខែ គឺយកលុយបង់គ្រប់ចំនួនតែម្តង បើទោះបីជាក្នុងឆ្នាំ២០២០-២០២១ ប្រទេសជាតិទាំងមូលជួបជំងឺវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។ ព្រោះក្រុមហ៊ុននេះ មិនមានការយោគយល់ដល់ជាអតិថិជន របស់ខ្លួនទេ ហើយបើសិនអតិថិជនបង់យឺតពេល ក្រុមហ៊ុន នឹងពិន័យជាក់ជាមិនខាន។

ពលរដ្ឋទាំងនោះ បញ្ជាក់បន្ថែមថា ពួកគាត់អស់ជំនឿទុកចិត្តទៅលើក្រុមហ៊ុន បុរី VIP នេះទៀតហើយ ព្រោះកន្លងមក ពួកគាត់ ក៏ជួបតំណាងក្រុមហ៊ុន ហើយបានសន្យាជាមួយពួកគាត់ថា និងសាងសង់ផ្ទះល្វែងម្តងខែនេះម្តងខែនោះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែគិតមកដល់ពេលនេះ ក្រុមហ៊ុន មិនទាន់បានសាងសង់ផ្ទះជូនពួកគាត់ទេ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋខាងលើ បានស្នើរដល់អាជ្ញាធរពាក់ព័ន្ធ និង លោកអភិបាលខេត្តព្រះសីហនុ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកដំណោះស្រាយជូនពួកគាត់ផង។

បន្ទាប់ពីអតិថិជន ធ្វើការតវ៉ាជាច្រើនម៉ោងមក ទើបម្ចាស់ក្រុមហ៊ុន បុរី VIP ព្រមចេញមុខមកជួប ជាមួយប្រជាពលរដ្ឋទាំងនោះ។ ហើយជាលទ្ធគឺ មិនទទួលបានអ្វីនោះឡើយ គឺបានត្រឹមពាក្យសន្យាដដែលៗតែប៉ុណ្ណោះ។ កិច្ចសន្យាទាំងនោះមានដូចជា៖ ទី១-អតិថិជន ដែលបានបង់ផ្ដាច់ ក្រុមហ៊ុន នឹងពន្លឿនការសាងសង់ផ្ទះជូនអតិថិជន។ ទី២-នៅពេលផ្ទះសាងសង់រួច ក្រុមហ៊ុននឹងពន្លឿនការចែកប្លង់ជូនអតិថិជនដោយចែកជូនក្នុង ១ខែ ពី ១០-១៥ប្លង់។ ទី៣- សម្រាប់អ្នកបង់រំលោះ ដែលដល់កិច្ចសន្យាប្រគល់ផ្ទះ តែផ្ទះមិនទាន់ធ្វើរួច អតិថិជនសុំផ្អាកបង់សិនរង់ចាំក្រុមហ៊ុន រកជាងដើម្បីធ្វើការសាងសង់នៅខែមិថុនា ឆ្នាំ២០២២ (មើលតាមការងារជាក់ស្តែងប្រសិនបើមានជាងចូលធ្វើការសាងសង់នឹងបង់វិញ។ ទី៤- សម្រាប់អតិថិជន ដែលបង់ប្រាក់មិនទាន់គ្រប់ក្រុមហ៊ុន និងអនុគ្រោះដោយមិនយកប្រាក់ពិន័យ និងលើកខែបង់ជូនអតិថិជន។

អតិថិជនបញ្ជាក់ ចំពោះការសន្យារបស់ក្រុមហ៊ុនចំនួន ០៤ ចំណុចខាងលើ មិនត្រូវបានបងប្អូនរងគ្រោះទទួលយល់ព្រមទេ ដោយពួកគាត់ លើកហេតុថា ទាំងនេះគឺជាលេសដោះសារប៉ុណ្ណោះ ពីព្រោះពួកគាត់ភាគច្រើនបានបង់លុយគ្រប់ចំនួនតាំងពីឆ្នាំ ២០២១មកម្លេះ ហើយបើតាមកិច្ចសន្យា របស់ក្រុមហ៊ុនគឺ ត្រូវប្រគល់ផ្ទះប្រគល់ប្លង់ដី ដល់ពួកគាត់ នៅខែធ្នូ ចុងឆ្នាំ២០២១។

ពាក់ព័ន្ធករណីនេះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទានអាចមានប្រភពទាក់ទង លោក ហម រ៉ន និងលោក វន វណ្ណៈ ម្ចាស់ក្រុមហ៊ុន បុរី VIP ដើម្បីបំភ្លឺបាននៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង