លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងទ័ពជើងគោកជប៉ុន

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅទីស្តីការក្រសួងការពារជាតិ នៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

លោកនាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានទទួលស្វាគមន៍ការអញ្ជើញមកដល់ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈ នៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

នាឱកាសនោះ មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានបញ្ជាក់ថា នឹងបន្តជួយកងទ័ពកម្ពុជា លើការកសាងពង្រឹងសមត្ថភាព តាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខ សង្គ្រាមមិនមែនប្រពៃណី ដូចជា: ការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។

ចំណែក លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរចំពោះប្រទេសកម្ពុជា ជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិក៏ល្អ រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជា នៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។ ជាពិសេស លោកបានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំ នៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រ រវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជា ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណ ចំពោះភាគីមិត្តជប៉ុន ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែងសម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការជាដើម។

ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញ នូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរ បានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់ រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ YUASA Goro [អតីត] មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅ ៕ AMS News

អត្ថបទដែលជាប់ទាក់ទង