អ្នករស់នៅខេត្តព្រះសីហនុ សូមប្រយ័ត្នព្រោះ សកម្មភាពចោរលួចម៉ូតូរថយន្ត និងឃាតកម្ម បានកើតមានជាបន្តបន្ទាប់..

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ  ដែលចូលទៅទស្សនា ឬកម្សាន្ត ក្នុងខេត្តព្រះសីហនុ សូមបង្កើនការប្រុងប្រយ័ត្ន អំពីសុវត្ថិភាព និងទ្រព្យសម្បត្តិ របស់ខ្លួន ឲ្យបានជាប្រចាំ ត្បិតជាបន្តបន្ទាប់មកនេះ ក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ បានកើតមានបទល្មើសចោរ លួចម៉ូតូ រថយន្ត និងឃាតកម្ម កើតឡើងគួរឲ្យព្រួយបារម្ភ..។

ជាក់ស្តែងកាលពីម៉ោង ១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចរថយន្ត) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក AUDI Q7 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើករថយន្តបុកបំបាក់ប៉ារាស់សន្តិសុខ ដែលដាក់ត្រួតពិនិត្យ នៅច្រកចេញ-ចូល រួចជិះគេចខ្លួនតែម្តង ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម រូបលោក ក៏បានដាក់បទបញ្ជារឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដាក់កម្លាំងចាំស្ទាក់ចាប់ជនសង្ស័យ នៅតាមបណ្តោយផ្លូវជាតិលេខ៤ លុះរហូតដល់វេលាម៉ោង ១៣និង៣០នាទី ជនសង្ស័យបានជិះរថយន្ត ដែលលួចបាននោះ ឆ្លងកាត់ប៉ារាស់កម្លាំងសមត្ថកិច្ច នៅចំណុចឃុំវាលរេញ ហើយជនសង្ស័យ ក៏បានជិះបំបុកប៉ារាស់ រួចបន្តជិះគេចខ្លួន រហូតដល់ចំណុចឃុំស្ទឹងឆាយ ជនសង្ស័យក៏បន្តជិះបំបុកប៉ារាស់ របស់កម្លាំងសមត្ថកិច្ចទៀត។ ហើយបន្ទាប់មក ជនសង្ស័យ ក៏បានបន្តជិះគេចខ្លួនរហូតដល់ស្រុកកំពុងសិលា ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យរូបនោះបាន ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំយកទៅសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង