ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកអណ្តើកសមុទ្រធំមួយក្បាលទៀត លែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ
ខេត្តព្រះសីហនុ ៖ នេះជាលើកទី១៣១ហើយ ដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ស្របតាមផែនការអភិរក្សសត្វសមុទ្រកម្រ របស់លោក នៅក្នុងប្រទេសកម្ពុជា។
សកម្មភាពនាំយកអណ្តើកសមុទ្រ លែងចូលសមុទ្រ របស់លោកឧកញ៉ា ទៀ វិចិត្រ ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា មុនលែងសត្វអណ្តើកសមុទ្រធំមួយក្បាលនេះ ចូលទៅក្នុងសមុទ្រ គឺរូបលោក បានកឹបសៀល នៅលើសត្វអណ្តើកនោះ ស្របតាមបច្ចេកទេស សម្រាប់សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលបានលែងចូលទៅក្នុងសមុទ្រទាំងនោះ។ ហើយសៀលដែលកឹប នៅលើសត្វអណ្តើកសមុទ្រជាបន្តបន្ទាប់មកនេះ គឺជាសញ្ញាសម្រាប់សម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាលក្ខណៈអន្តរជាតិ។ លោកឧកញ៉ា បន្តថា សៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រធំមួយក្បាល ខាងលើនេះ មានលេខ៖ KH0393។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រាល់សត្វល្មិច ឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលលោកឧកញ៉ា បានទទួលពីអ្នកនេសាទកន្លងមកនេះ គឺភាគច្រើន មិនទាន់មានកឹបសៀលសម្គាល់នោះទេ ទើប លោកឧកញ៉ា បានរៀបចំកឹបសៀល ឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវជាមុនសិន ទើបនាំយកសត្វសមុទ្រកម្រទាំងនោះ យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។
លោកឧញ៉ាបន្តថា ការកឹបសៀលសម្គាល់នៅលើសត្វអណ្តើកសមុទ្រ ឬសត្វល្មិច គឺមានសារៈសំខាន់បំផុត ព្រោះថា ប្រសិនបើអ្នកនេសាទ ឬចាប់បាន សត្វល្មិច ឬអណ្តើកសមុទ្រ ដែលមានកឹបសៀលសម្គាល់ គឺអ្នកនេសាទនៅតាមប្រទេសនានា រាប់ទាំងកម្ពុជាផង នឹងនឹងលែងសត្វសមុទ្រកម្រទាំងនោះ ចូលទៅក្នុងទឹកសមុទ្រវិញ ដោយពួកគេ មិនសម្លាប់ ឬមិននាំយកទៅធ្វើជំនួញជួញដូរផ្សេងៗនោះទេ។
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ផងនោះ បានថ្លែងអំណរគុណដល់ បងប្អូនប្រជានេសាទទាំងអស់ ដែលបានចូលរួមសហការ ការពារ និងអភិរក្សសត្វសមុទ្រកម្រ ជាមួយរូបលោក ក៏ដូចជាមួយរាជរដ្ឋាភិបាល ជាបន្តបន្ទាប់មកនេះ៕