កាកបាទក្រហមខេត្តព្រះសីហនុ រៀបចំអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរៀបចំកម្មវិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ២០២២ ក្រោមប្រធានបទ “ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” និងនាំយកជំនួយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីចំនួន ៣០៧នាក់ មកពី ៤សង្កាត់ ក្រុងព្រះសីហនុ។

ពិធីនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាដុនបុស្កូ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពី សមាជិក សមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តផងដែរ។

នាឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ លោក គួច ចំរើន បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជសុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ”។ យើងត្រូវរួមគ្នា ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានល្អប្រសើរសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំ២០២២នេះ ដោយលើកទឹកចិត្តស្ត្រីទាំងនោះ ឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនត្រូវបន្តថែទាំសុខភាពទាំងម្ដាយទាំងកូនរហូតដល់កូនមានអាយុ២ឆ្នាំ។

លោកបានបន្តថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីមានដូចជា៖
១-ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះឱ្យបាន ៤ដងតាមពេលវេលា
២-ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ
៣-បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីទារកកើតរហូតដល់អាយុ៦ខែ
៤-ស្ត្រីមានផ្ទៃពោះ ស្រី្តជាមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣.ការពារ ៣.កុំ និងទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមវេន និងពេលវេលាកំណត់។

ទន្ទឹមនឹងនោះ លោក គួច ចំរើន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាសុខភាពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួមផងដែរ និងបាននាំយកជំនួយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលបានចូលរួមចំនួន ៣០៧នាក់ មកពី៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ (សារុង១ ក្រមា១ ភួយ១ កន្ទេល១), ឃីតទារក ១កញ្ចប់, ម៉ាស់ ១កញ្ចប់, ជែល ១ដប, និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង