ព្រឹកនេះ មាននាវា​ទេសចរណ៍ខ្នាតយក្ស១គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ មន្ត្រីបម្រើការងារ នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ មាននាវា​ទេសចរណ៍ ០១គ្រឿង ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas​ បាន​ចូល​ចត​កំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ​ បន្ទាប់ពីអវត្តមាននាវាទេសចរណ៍ប្រភេទនេះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ រាតត្បាតធ្ងន់ធ្ងរ។

មន្ត្រីសមត្ថកិច្ច បម្រើការងារនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឲ្យដឹងថា ការចូលចត របស់នាវាទេសចរណ៍ខាងលើនេះ មិនមានដឹកភ្ញៀវទេសចរទេ។ ពោលគឺ ការចូលចតនេះ គឺដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិក របស់នាវានេះ នៅតាមបណ្តាប្រទេសមួយចំនួន ដែលពួកគេ បានឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមក ឲ្យចូលធ្វើការនៅក្នុងនាវានេះវិញ។

មន្ត្រីដដែលបញ្ជាក់ថា ចំពោះការចូលចត របស់នាវាទេសចរណ៍ NORWEGIAN SPIRIT នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺធ្វើឡើងតាមរយៈការសម្របសម្រួលផ្នែកមនុស្សធម៌ពី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់ការងារមនុស្សធម៌ ជាលក្ខណៈអន្តរជាតិ។

មន្ត្រីដដែលបន្តទៀតថា ក្រុមនាវិក ដែលមានវត្តមាន នៅលើនាវាទេសចរណ៍នេះ មានចំនួន ១៧១ នាក់ (ស្រី ២២​នាក់​)។

ចំណែកនាវិក និងបុគ្គលិក អ្នកបម្រើការលើនាវាមកពីបណ្តាប្រទេសនានា ដែលនឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា មកចុះធ្វើការក្នុងនាវាទេសចរណ៍នេះវិញ មានចំនួន ៤៨៥ ​នាក់ (ស្រី ៨៩នាក់) ។

នាវា​ទេសចរណ៍ NORWEGIAN SPIRIT មានបណ្ដោយ ២៦៩ម៉ែត្រ, ទទឹង ៣៦ម៉ែត្រ និងជម្រៅទឹក ៨.២ម៉ែត្រ ។ ហើយចំពោះ ការចូលមកឈប់សំចត នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការ របស់ខ្លួន អាចនឹងប្រើពេល ៣ ឬ ៤ថ្ងៃ មុននឹងនាវានេះ វិលត្រឡប់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង