លោក សាយ សំអាល់ ថ្លែងអំណរគុណ លោកស្រី Angelina Jolie ដែលចូលរួម អភិរក្សធនធានធម្មជាតិ នៅតំបន់សំឡូត
រាជធានីភ្នំពេញ ៖ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះ លោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។
ការថ្លែងអំណរគុណខាងលើនេះ បានធ្វើឡើងក្នុងជំនួប រវាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ លោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រី Angelina Jolie ធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ លោក សាយ សំអាល់ បានបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្រ របស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្ស ដែលផ្តួចផ្តើមដោយ លោកស្រី Angelina Jolie នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕