​ខែកុម្ភៈនេះ ខេត្តសៀមរាប ទទួល​ភ្ញៀវទេសចរ​ជាង ៨ម៉ឺននាក់​

​ខេត្តសៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០១ខែ គឺចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប ​សរុបមានចំនួន ៨៤.៥៣២ នាក់ គឺថយចុះចំនួន ៤២,៣៦ ភាគរយ បើប្រៀបធៀប​រយៈពេលដូចគ្នា ក្នុង​ឆ្នាំ២០២១ ដែលមានចំនួន ១២០.៣៤៦នាក់ ។

របាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់​ថា ក្នុងចំណោមភ្ញៀវទេសចរ​ទាំង​នោះ មានភ្ញៀវទេសចរជាតិចំនួន ៧៧.០០០ នាក់ ថយចុះចំនួន ៥១,៩៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១១៧.០០០ នាក់ និងថយចុះចំនួន ១២៧,២៧ ភាគរយ បើប្រៀបធៀប​ខែមករាឆ្នាំ២០២២ ដែលមានចំនួន ១៧៥.០០០ នាក់ ខណៈភ្ញៀវទេសចរ​បរទេសក្នុងស្រុក មានចំនួន ៧.៥៣២ នាក់ មានការកើនឡើង ១២៥,១០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានចំនួន ៣.៣៤៦ នាក់ និងមានការកើនឡើង ១៩៧,៤៧ ភាគរយ បើប្រៀបធៀប​ខែមករា ឆ្នាំ២០២២ ដែលមានចំនួន ២.៥៣២ នាក់ ។

គួរបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតខ្លាំងនៃវីរុសកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍រួចមក គឺបានធ្វើឲ្យសេវាកម្មទេសចរណ៍មួយចំនួន ត្រូវបានបិទអាជីវកម្ម និង មួយចំនួនទៀត ត្រូវបានផ្អាក ក្នុងនោះរួមមាន៖ ផ្នែកសណ្ឋាគារ មានចំនួន ១៨ កន្លែង ត្រូវបានបិទ, ផ្អាកអាជីវកម្មចំនួន ១៦៨ កន្លែង និង កំពុងដំណើរការចំនួន ៤៤ កន្លែង ក្នុងចំណោមសណ្ឋាគារ ដែលមានសរុបចំនួន ២២៨ កន្លែង, ផ្ទះសំណាក់ បានបិទអាជីវកម្មចំនួន ១០៧ កន្លែង, ផ្អាកមានចំនួន ៧៨ កន្លែង និងកំពុងដំណើរការមានចំនួន ៧៦ កន្លែង ក្នុងចំណោមផ្ទះសំណាក់ ដែលមានសរុបចំនួន ២៨៣ កន្លែង និង ភោជនីយដ្ឋាន បានបិទអាជីវកម្មមានចំនួន ១០៩ កន្លែង, ផ្អាកមានចំនួន ១០០ កន្លែង និងកំពុងដំណើរការមានចំនួន ៥២ កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ដែលមានសរុបចំនួន ២៦១ កន្លែង៕ ប្រភព៖ AMS News

អត្ថបទដែលជាប់ទាក់ទង