ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រធំ មួយក្បាលទៀត លែងក្នុងព្រែកធម្មជាតិវិញ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកសត្វអណ្តើកសមុទ្រ(ក្រាស់)ធំ មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងព្រែកធម្មជាតិវិញ ដើម្បីធ្វើការអភិរក្ស។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកសត្វអណ្តើកសមុទ្រ ឬ(ក្រាស់) ទៅលែង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាលើកទី១៣២ហើយៗ រូបលោក ក៏បានកឹបសៀល សម្គាល់នៅលើសត្វអណ្តើកសមុទ្រ ប្រភេទល្មិច ឬក្រាស់ ដែលបានលែងចូលទៅក្នុងសមុទ្រនោះត្រឹមត្រូវតាមបច្ចេកទេសផងដែរ។ ការកឹបសៀលនេះ វាជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ។ ហើយ សៀល ដែលបានកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាលខាងលើនេះ គឺមានលេខ KH0394។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តថា សត្វអណ្តើកសមុទ្រ ឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលទេ ទើបលោកឧកញ៉ា បានរៀបចំកឹបសៀល សម្រាប់សម្គាល់ មុននាំយកទៅលែងឲ្យរសើនៅក្នុងសមុទ្រ ឬ ព្រែកទឹកប្រៃវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ការកឹបសៀលនៅលើសត្វអណ្តើកសមុទ្រ គឺមានសារៈសំខាន់ លើការងារអភិរក្សសត្វសមុទ្រកម្រ ជាលក្ខណៈអន្តរជាតិ បំផុត ព្រោះប្រសិនបើ អ្នកនេសាទចាប់បានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិច ឬក្រាស់ ដែលមានកឹបសៀលសម្គាល់ គឺអ្នកនេសាទ នៅតាមបណ្តានានា រាប់ទាំងកម្ពុជា ផង នឹងលែងសត្វប្រភេទនេះ ចូលទៅក្នុងសមុទ្រវិញ ដោយមិនសម្លាប់ និងមិននាំយកទៅធ្វើអាជីវកម្មនោះទេ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលបានចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រ ជាសកល ជាមួយរូបលោក ក៏ដូចជា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ទាំងពេលកន្លងមក នឹងតទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង