សំណង់សង់រំលោភលើចំណីឆ្នេរសមុទ្រ ដែលមន្ត្រីចុះផ្អាកកន្លងមក ពេលនេះ បន្តសាងសង់ជិតរួចហើយ!

ខេត្តព្រះសីហនុ ៖ សំណង់រឹងមាំសង់អត់ច្បាប់មួយកន្លែង សង់រំលោភលើចំណីឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិ៣ (រំដួលជើងភ្នំ) សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលគណៈកម្មការចម្រុះ ចុះបញ្ឈប់សកម្មភាពសាងសង់ និងទុករយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់សំណង់ធ្វើការរុះរើរាល់សំណង់ ដែលបាន សាងសង់ទាំងប៉ុន្មាន ចេញឱ្យអស់នោះ រហូតមកដល់ពេលនេះ សំណង់នោះ ត្រូវបានសាងសង់ស្ទើរតែរួចរាល់ទៅហើយ ដោយពុំមានអាជ្ញាធរណាចុះមកហាមឃាត់ទៀតទេ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ គណៈកម្មការចម្រុះ របស់អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះបញ្ឈប់ការសាងសង់លំនៅឋានអត់ច្បាប់ សាងសង់រំលោភលើចំណីឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិ៣ (រំដួលជើងភ្នំ) សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងពេលនោះ ក្រុមការងារ បានចុះពិនិត្យឃើញជាក់ស្តែងគឺ សំណង់បានចាក់គ្រឹះ និងចាក់សសរចំនួន ២៤ដើម ទំហំ ៦ម៉ែត្រ គុណ ២៦ម៉ែត្រ ដែលម្ចាស់ផ្ទះបានរុះរើផ្ទះចាស់ របស់គាត់ ដែលមានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ហើយបានបន្តសាងសង់បន្ថែម ១១ម៉ែត្រ គុណ ៦ម៉ែត្រ ចូលទៅក្នុងចំណីសមុទ្រ។

យោងតាមរបាយការណ៍ របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ការដ្ឋានសំណង់នេះ មិនអនុញ្ញាតឲ្យធ្វើការសាងសង់នោះទេ ដោយសារមិនមានច្បាប់អនុញាត្តិ ហើយទីតាំងនេះ បើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបានដែរ នេះបើយោងតាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ ពីព្រោះវាជាដី ឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ ហើយ ក្រុមការងារសម្រេច ឱ្យម្ចាស់សំណង់ធ្វើការរុះរើរាល់សំណង់ ដែលបាន សាងសង់ទាំងប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ជាកំណត់។  ក្នុងករណី ម្ចាស់សំណង់មិនគោរពតាមការណែនាំ ក្រុមការងារនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។

តែផ្ទុយទៅវិញរហូតមកដល់ពេលនេះ សំណង់រឹងមាំ ដែលសាងសង់រំលោភលើឆ្នេរខាងលើបានសាងសង់យ៉ាងរលូនដោយពុំមានអាជ្ញាធរណាហ៊ានហាមឃាត់នោះទេ ។

លោក ហ៊ន សាវ៉ន ជាម្ចាស់សំណង់ខាងលើ បានឱ្យដឹងថា ការសាងសង់នេះ លោកបានសុំការអនុញ្ញាតពីលោកមេភូមិ និងចៅសង្កាត់រួចរាល់ហើយ ប៉ុន្តែសម្រាប់ក្រុងមិនអនុញ្ញាតនោះទេ ព្រោះដី របស់លោកមិនមានប្លង់។ លោក ហ៊ន សាវ៉ន បន្តថា កន្លងមកគណៈកម្មការចម្រុះ បានចុះមកហាមឃាត់ និងឱ្យរុះរើសំណង់ចេញ តែដោយសារលោកធ្វើអស់លុយច្រើនហើយ ដូច្នេះលោកបន្តសាងសង់ទៀតទៅ។

លោក ឈិត សុផាត ចៅសង្កាត់លេខ១ បានឱ្យដឹងថា លោកពុំបានផ្តល់ការអនុញ្ញាតឱ្យម្ចាស់ទីតាំងខាងលើ សាងសង់នោះទេ ដោយទំហំនៃសំណង់នោះ លើសពីការសម្រេច របស់លោក។ លោកថា កន្លងលោកបានចាត់ឱ្យមេភូមិ ចុះទៅហាមឃាត់ និងធ្វើកំណត់ហេតុម្តងរួចមកហើយ តែក្រោយមកម្ចាស់សំណង់លួចសាងសង់ទៀត ទើបគណៈកម្មការចម្រុះ ចុះមកហាមឃាត់ធ្វើកំណត់ហេតុ និងឱ្យម្ចាស់សំណង់រុះរើសំណង់ចេញ តែផ្ទុយទៅវិញ ម្ចាស់សំណង់រូបនេះបែរជាលួចសាងសង់ទៅវិញ។

លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ពាក់ព័ន្ធបញ្ហានេះ លោកបានប្រគល់ជូនទៅឱ្យចៅសង្កាត់ ព្រមទាំងមេភូមិចុះតាមដាន និងពិនិត្យមើល ថាតើទីតាំងខាងលើនេះ បានអនុវត្តតាមកំណត់ហេតុ និងព្រងព្រៀងផ្តិតមេដៃទទួលស្គាល់ក្នុងការរុះរើហើយឬនៅ? ហើយមកដល់ពេលនេះ បែរជាមានការសាងសង់ជិតរួចរាល់ហើយទៅវិញ។ តើចៅសង្កាត់ និងមេភូមិធ្វើការរបៀបណា បានជាមិនមានការទទួលខុសត្រូវ និងអនុវត្តតាមច្បាប់ ដែលបានកំណត់ ហើយបណ្ដោយឱ្យម្ចាស់សំណង់សាងសង់ ដោយមិនមានការញញើតខ្លាចច្បាប់ទម្លាប់អ្វីទាល់តែសោះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង