ក្រុងព្រះសីហនុ ឈ្នះពានរង្វាន់និរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន

ខេត្តព្រះសីហនុ ៖ ទីក្រុងព្រះសីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន ខណៈ រាជធានីភ្នំពេញ បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត- ទីក្រុងសែនមនោរម្យ បានទទួលវិញ្ញាបនប័ត្រ ទទួលស្គាល់ដីស្អាត និងទីក្រុងកែប បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១ ។

ពិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ។

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងបានអញ្ជើញចូលរួមទទួលពានរង្វាន់ខាងលើនេះ ក្នុងទឹកមុខសប្បាយរីករាយ។

សូមបញ្ជាក់ថា តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ឆ្នាំ២០១៦-២០៣០៕

អត្ថបទដែលជាប់ទាក់ទង