មន្ត្រីយោធាអ៊ុយក្រែន អះអាងថា បានសម្លាប់កងទ័ពរុស្ស៊ី ជាង៣៥០០នាក់ និងចាប់ជាឈ្លើយសឹកជិត២០០នាក់

អ៊ុយក្រែន ៖ មន្ត្រីយោធាប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា កងទ័ព របស់ខ្លួន បានសម្លាប់កងទ័ពរុស្ស៊ី ជាង ៣៥០០នាក់ និងចាប់ខ្លួនកងទ័ពរុស្ស៊ី ជាឈ្លើយសឹកជិត ២០០នាក់ នៅក្នុងការប្រយុទ្ធគ្នា រយៈពេល ០៣ថ្ងៃ កន្លងមកនេះ ។

យោងតាមការចុះផ្សាយកាសែតថៃរ៉ាត របស់ប្រទេសថៃ  ដែលបានដកស្រង់សេចក្តីរាយការណ៍ពី ទូរទស្សន៍ BBC បានឱ្យដឹងថា កងទ័ពអ៊ុយក្រែន បានរាយការណ៍តាមរយៈហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា កងទ័ពប្រទេសអ៊ុយក្រែន បានសម្លាប់កងទ័ពរុស្ស៊ី រហូតដល់ ៣៥០០នាក់ ចាប់តាំងពីកងទ័ពរុស្ស៊ី បានចូលលុកលុយប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជាងនេះទៀត កងទ័ពអ៊ុយក្រែន ក៏បានចាប់ខ្លួន កងទ័ពរុស្ស៊ី ជាឈ្លើយសឹកជិត ២០០ នាក់ទៀត ។

ប្រភពដដែល បានបន្តថាយន្តហោះប្រយុទ្ធរុស្ស៊ី ដែលត្រូវកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់មានចំនួន ១៤គ្រឿង- ឧទ្ធាគចក្រប្រយុទ្ធ ០៨គ្រឿង និងបំផ្លាញរថក្រោះ និងរថពាសដែកចំនួនន ១០២ គ្រឿងផងដែរ។

យ៉ាងណាក៏ដោយចុះ សេចក្តីរាយការណ៍ខាងលើនេះ គ្រាន់តែជាការអះអាង ចេញពីភាគីកងទ័ពប្រទេសអ៊ុយក្រែន ដែលគ្មានប្រភពពាក់ព័ន្ធផ្នែកណាមួយ ចេញមុខបញ្ជាក់ ឲ្យបានច្បាស់លាស់ ថាតើទំហំខូចខាត របស់កងទ័ពរុស្ស៊ី ដែលភាគីកងទ័ពអ៊ុយក្រែន លើកឡើងនេះ វាជាការពិត ឬយ៉ាងណានោះទេ..៕

ប្រភព៖ កាសែតថៃរ៉ាត់

អត្ថបទដែលជាប់ទាក់ទង