បារាំង ស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីរុស្ស៊ី និងបេឡារូស ជាបន្ទាន់

បារាំង ៖ ក្រសួងការបរទេសបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញ  បានអំពាវនាវឱ្យប្រជាជន របស់ខ្លួន ចាកចេញពី ប្រទេស រុស្ស៊ី ជាបន្ទាន់។

ក្រសួងការបរទេសបារាំង បានជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា ដោយសារតែការរឹតត្បិត កាន់តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាស រវាងរុស្ស៊ី-អឺរ៉ុប នោះ ខ្លួនបានណែនាំយ៉ាងម៉ឹងម៉ាត់ថា ជនជាតិបារាំង ដែលមិនមែនជានិវាសនជន នៅរុស្ស៊ី ត្រូវរៀបចំការចាកចេញពី ប្រទេសនេះ ដោយមិនមានការពន្យារពេល ដោយបណ្តាញភ្ជាប់ផ្លូវអាកាស ដែលមានស្រាប់ ។

ក្រសួងការបរទេសបារាំង បានបញ្ជាក់ នៅក្នុងសេចក្តីជូនដំណឹងថា ក្រុមហ៊ុនអឺរ៉ុប ភាគច្រើន រួមទាំងក្រុមហ៊ុន Air France បានផ្អាកការហោះហើរ នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ ទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចបិទ ដែនអាកាសរបស់ខ្លួន ទៅកាន់ ប្រទេសរុស្ស៊ី។

សេចក្តីជូនដំណឹង អំពីការធ្វើដំណើរជាលើកទី២ ក្រសួងការបរទេសបារាំង ក៏បានស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសបេឡារូស ជាបន្ទាន់ផងដែរ។

ក្រសួងការបរទេសបារាំងបញ្ជាក់ទៀតថា ជនជាតិបារាំង នៅបេឡារូស ត្រូវចាកចេញពីប្រទេសនេះ ឲ្យបានឆាប់បំផុត តាមផ្លូវគោក ដោយត្រូវឆ្លងកាត់ព្រំដែនជាមួយ ប្រទេសលីទុយអានី ប៉ូឡូញ ឬឡាតវី ៕


ប្រភព៖ ស៊ីនហួរ

អត្ថបទដែលជាប់ទាក់ទង