ស្ត្រីបើកយន្តហោះចម្បាំង ដំបូងគេរបស់អ៊ុយក្រែន បានស្លាប់កាលពីថ្ងៃអាទិត្យ

អ៊ុយក្រែន ៖ សារព័ត៌មាន និងបណ្តាញសង្គមបរទេសមួយចំនួន បានផ្សព្វផ្សាយថា ពិភពលោកមានការរំជួលចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងថា អ្នកនាង Natasha Perakov អ្នកបើកយន្តហោះចម្បាំង អ៊ុយក្រែន ដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ជាមួយ រុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការស្លាប់ របស់ នាង Natasha Perakov ក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យ  ឈ្មោះរបស់នាង បានល្បីល្បាញ នៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម ដោយសារតែវីរភាព និងការលះបង់ជីវិត ចំពោះជាតិមាតុភូមិ របស់នាង ។

ទោះជាបែបនេះក្តី គេមិនទាន់ដឹងអំពីប្រវត្តិ របស់នាង Natasha Perakov ឲ្យបានច្បាស់ទេ ដោយគ្រាន់សន្មត់ថា រូបនាង ទំនងជាកើតនៅចន្លោះឆ្នាំ ១៩៨៩-១៩៩៦ ហើយបច្ចុប្បន្ន នាងអាចមានអាយុ ចន្លោះពី ២៥-៣២ ឆ្នាំ ។

យ៉ាងណាក្តី នាង Natasha Perakov ប្រភពបញ្ជាក់ថា មានកំណើតនៅក្នុងប្រទេស អ៊ុយក្រែន និងជាសាសនិកយូដា (ជីហ្វ) ។

ប្រភពបញ្ជាក់បន្តថា ស្ត្រីអ្នកបើកយន្តហោះចម្បាំងដំបូង របស់ប្រទេសអ៊ុយក្រែន រូបនេះ មានចំណង់ចំណូលចិត្តចង់ធ្វើការ នៅក្នុងជួរកងទ័ពអាកាស តាំងពីកុមារមកម្ល៉េះ ។ ហើយបន្តបន្ទាប់មក រូបនាង ក៏ចាប់ផ្តើមហ្វឹកហាត់ និងបានក្លាយជាអ្នកបើកយន្តហោះចម្បាំង ស្ត្រីដំបូងគេ​នៅប្រទេសអ៊ុយក្រែន ប៉ុន្តែសម្រាប់ពេលវេលាជាក់ នៅពុំទាន់មានសារព័ត៌មានណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ។

យ៉ាងណាក៏ដោយចុះ ពេលនេះឈ្មោះ របស់ នាង Natasha Perakov បានចារជាប្រវត្តិសាស្ត្រ និងត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ហើយមនុស្សជាច្រើន ក៏បានស្ញប់ស្ញែង នូវវីរភាពដ៏អង់អាច របស់នាងជាទ៕

អត្ថបទដែលជាប់ទាក់ទង