អតីតបវរកញ្ញាអ៊ុយក្រែន ងាកមកកាន់កាំភ្លើងប្រឆាំង ការឈ្លានពានរបស់រុស្ស៊ី

អ៊ុយក្រែន ៖ អតីតបវរកញ្ញាអ៊ុយក្រែន ក៏ជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមជនជាតិអ៊ុយក្រែន រាប់ពាន់នាក់ ដែលងាលមកកាន់អាវុធប្រឆាំងនឹងការវាយលុកឈ្លានពាន របស់កម្លាំងយោធារុស្ស៊ី វាយលុកចូលទីក្រុងគៀវ ។

នាង Anastasiia Lenna អាយុ ៣១ឆ្នាំ ត្រូវបានបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ចុះផ្សាយ អមដោយរូបថត ដៃកាន់កាំភ្លើង ក្រោយរូបនាង បានព្រមានក្នុងសារ Instagram ថា “អ្នកណាក៏ដោយ ឲ្យតែឆ្លងកាត់ព្រំដែនអ៊ុយក្រែន ក្នុងបំណងឈ្លានពាន នឹងត្រូវសម្លាប់” ។

រូបថត ដែលបានបង្ហោះទាំងនោះ ស្របពេល មានសេចក្តីរាយការណ៍មកថា មានប្រជាជនអ៊ុយក្រែន បានមកតម្រង់ជួរគ្នា រង់ចាំការចែកអាវុធ នៅក្នុងរដ្ឋធានីគៀវ ដើម្បីត្រៀមទប់ទល់ នឹងកងទ័ពឈ្លានពាន របស់រុស្ស៊ី ។

នាង Anastasiia Lenna  បានបង្ហោះរូបថតទាំងនោះ អមជាមួយ hashtag ចំនួនពីរ ហើយបានសរសេរថា “ឈរជាមួយអ៊ុយក្រែន” និង “ពួតដៃគ្នាអ៊ុយក្រែន” ។

នេះមិនមែនជាលើកទី០១ ទេ ដែល នាង Anastasiia Lenna បានបង្ហោះរូបថតក្នុងឈុតស្ពាយកាំភ្លើង ។ ព្រោះជាបន្តបន្ទាប់មកនេះ រូបនាង ក៏បានបង្ហោះរូបថត បង្ហាញពីការហ្វឹកហាត់ក្នុងសម្លៀកបំពាក់ជាទាហាន របស់នាង នៅក្នុងតំបន់ព្រៃភ្នំ និងកន្លែងហ្វឹកហាត់ ក្នុងផ្ទះជាដើម ។

ដោយឡែក ក្នុង​ចំណោម​ ប្រជាជនអ៊ុយក្រែន ដែលបានស្ម័គ្រ​ចិត្ត​ចូលបម្រើកងទ័ពជាច្រើនផ្សេង​ទៀត​ ក៏មាន​បុរស​ពិការជើងម្ខាង មនុស្សវ័យចំណាស់ និង​គូស្នេហ៍​វ័យ​ក្មេង​ ដដែលទើបភ្ជាប់ពាក្យថ្មីថ្មោង ក៏បាននាំគ្នាចូល​រួមបម្រើកងទ័ព ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការចូលឈានពាន របស់កងទ័ពរុស្ស៊ី ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង