រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកម្មវិធីទិវាជាតិ ទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា នៅខេត្តព្រះសីហនុ ។

ពិធីនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី មន្ទីរអង្គភាពក្នុងខេត្ត លោកគ្រូអ្នកគ្រូ ប្អូនសិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម និងក្រុមការងារអនាម័យបរិស្ថានក្រុងផងដែរ។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១០-២០២៥ និងកំណត់យកខេត្តព្រះសីហនុ ជាប៉ូលមួយ ក្នុងចំណោមប៉ូលអាទិភាពសំខាន់ៗទាំង ០៤ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសក្កានុពល ដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិដ៏ស្រស់ស្អាត ។

នាឱកាសនោះ លោកប្រធានមន្ទីរ  ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ មេត្តាចូលរួមឱ្យបានសកម្ម និងយកចិត្តទុកដាក់ ជាប់ជាប្រចាំ ក្នុងការគ្រប់គ្រងលើកកម្ពស់សុវត្ថិភាពសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យសាធារណៈ នៅក្នុងទីក្រុង ក៏ដូចជាតាមរមណីយដ្ឋានតំបន់ឆ្នេរ ឲ្យបានល្អប្រសើរ ជាពិសេសយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុវត្ថិភាពសុខាភិបាល ៣កុំ និង៣ការពារ ឲ្យបានម៉ត់ចត់ជាប្រចាំ ។

លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋទាំងអស់បានគាំទ្រ និងចូលរួមចំណែកលើកទឹកចិត្តដល់ប្អូនៗយុវជន ជាពិសេសប្អូនៗ សិស្សានុសិស្ស ប្រជាពលរដ្ឋម្ចាស់អាជីវកម្មគ្រឹះស្ថានរោងចក្រ សហគ្រាសនានាបន្តយកចិត្តទុកដាក់ ឱ្យកាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការរីកចម្រើននៃសង្គមជាតិយើង ។

លោកបន្តថា ដើម្បីឲ្យពិធីទិវាជាតិទីក្រុងស្អាតលើកទី១០ នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យជាពិសេសឈានទៅដណ្ដើមជ័យលាភីទីក្រុងស្អាតផ្ការំដួល ៣ទង លើកទី៣ និងជ័យលាភីឆ្នេរស្អាតនាចុងឆ្នាំ២០២២ និងចូលរួមនៅក្នុងយុទ្ធនាការកម្ពុជា ស្អាតឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ហើយខេត្តព្រះសីហនុ ក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៨ នៅចុងឆ្នាំ ២០២២ ក៏ដូចជាចូលរួមរៀបចំ នូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង