អាជ្ញាធរស្រុកកំពង់សីលា ចុះបង្ក្រាបពលរដ្ឋ ចូលទន្ទ្រានដីរដ្ឋ ខុសច្បាប់

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចបរិស្ថាន បានចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យចំនួន ២៩៥នាក់ (ស្រី១១៣នាក់) ចូលទន្ទ្រានកាន់កាប់ដីរដ្ឋ នៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

សកម្មភាពនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយក្រុមការងារបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ១០នាក់ និងបានដកហូតវត្ថុតាងមាន៖ ចបកាប់ចំនួន០១, ចបជីកចំនួន ០៥ដើម, ញញូរចំនួន ០៣ដើម, ពូថៅចំនួន ១៨ដើម, ដែកគាស់ចំនួន ០២, ដែកគោលចំនួន ០៥គីឡូ, កាំបិតផ្គាក់ចំនួន ២៣ដើម, កាំបិតតូចចំនួន ០៣, តង់ចំនួន ០៤, រថយន្ចចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។ ហើយបច្ចុប្បន្នជំនាញកំពុងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។

សេចក្តីប្រកាសដដែល បញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បកចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ។

ជាមួយគ្នានោះ កន្លងមកសកម្មភាពបទល្មើសរុករាន កាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងព័ទ្ធ កាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ចយើង ចុះអនុវត្តវិធានការ ទប់ស្កាត់ ជាបន្តបន្ទាប់ ។

ផ្តើមពីបញ្ហានេះ ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្ត
ជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ក្នុង

ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង នេះបើយោងលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៦ និងមាត្រា ៦២៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង