សម្ពោធដាក់ឱ្យប្រើប្រាស់ ប៉ុស្តិ៍យាមនៅតាមឆ្នេរសមុទ្រ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធី ប្រគល់ ទទួលប៉មយាមចំនួន ១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្ ររបស់យើងនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ មានចំនួន ១២ប៉ម។ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ និងដឹកនាំស្ថាបនាដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ដោយយើងបានបើកឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណៈសម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយ។ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់ របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំប្រឹងប្រែង របស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង ១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ។ យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់ សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ។

លោកអភិបាលខេត្តបន្តថា ប៉មទាំង១២នេះ គឺជាជំនួយ របស់ លោក ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួម របស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់បងប្អូនឆ្មាំឆ្នេរសមុទ្រ ត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំរបស់យើងត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។

នៅក្នុងពិធីនោះដែរ លោក ទ្រី ភាព ក៏បាននាំយកថវិកា របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឧបត្ថម្ភជូនបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រចំនួន ៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង