ប្រធានាធិបតីអ៊ុយក្រែន ប្ដេជ្ញាការពារទីក្រុងកៀវ ដល់ទីបញ្ចប់ ទោះកងទ័ពរុស្ស៊ី ឡោមព័ទ្ធបែបណាក្តី

អ៊ុយក្រែន ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន គឺ លោក Volodymyr Zelensky បានប្ដេជ្ញាថា នឹងបន្តការពារទីក្រុង កៀវ រហូតដល់ដល់ទីបញ្ចប់ ទោះបីជាកងទ័ពរុស្ស៊ី បានឡោមព័ទ្ធក៏ដោយ ក៏អ៊ុយក្រែន បន្តការការពារទីក្រុងកៀវ រហូតដល់ទីបញ្ចប់ ។

ការប្តេជ្ញា របស់ លោក Zelensky ធ្វើឡើងស្របពេល រដ្ឋធានីខាងលើនេះ កំពុងប្រឈម នឹងការឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី ដោយបន្តទម្លាក់គ្រាប់បែកលើទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ។

ថ្លែងតាមឃ្លីបវីដេអូ ដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ទោះយ៉ាងណា ក៏កងទ័ពរុស្ស៊ី មិនមានកម្លាំងស្មារតី ដើម្បីយកឈ្នះអ៊ុយក្រែន នោះទេ ។

លោក Zelensky បានសង្កត់ធ្ងន់ថា “រុស្ស៊ី មិនអាចយកឈ្នះយើងបានទេ ។ ព្រោះ ពួកគេមិនមានកម្លាំង និងស្មារតីប្រយុទ្ធនោះទេ ។ ហើយ ពួកគេ កំពុងប្រព្រឹត្តអំពើហិង្សាតែមុខគត់ ដោយសារពួកគេមានអាវុធច្រើន” ។

នៅក្នុងវីដេអូឃ្លីប ដដែលនោះ លោក Volodymyr Zelensky ក៏បានអំពាវនាវដល់ប្រទេសជាមិត្ត ជួយផ្តល់ជំនួយបន្ថែមទៀត មកដល់អ៊ុយក្រែន ដោយលោក បាននិយាយថា “ខ្ញុំបន្តនិយាយម្តងទៀតទៅកាន់សម្ព័ន្ធមិត្ត និងមិត្ត របស់អ៊ុយក្រែន នៅបរទេស ពួកគេត្រូវបន្តផ្តល់ជំនួយបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន និងសម្រាប់ប្រជាជន របស់យើង” ។

នៅចុងបញ្ចប់ នៃវីដេអូឃ្លីប លោកបញ្ជាក់ថា ” វាមិនត្រឹមតែសម្រាប់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែវាគឺសម្រាប់អឺរ៉ុប ទាំងមូលតែម្ដង” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់ថ្ងៃទី១៩ ហើយ ចាប់តាំងពីកងទ័ពរុស្ស៉ី បានចូលលុកលុយ មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង