អាមេរិកថា រុស្ស៊ីស្នើសុំជំនួយយោធាពីចិន ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
អាមេរិក ៖ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា ប្រទេសរុស្ស៊ី បានស្នើសុំជំនួយយោធាពីប្រទេសចិន នៅក្នុងសង្គ្រាមជាមួយ ប្រទេស អ៊ុយក្រែន ។ ដោយ ប្រទេសរុស្ស៊ី បានស្នើសុំប្រទេសចិន ឲ្យផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ក្នុងការធ្វើសង្រ្គាម នៅប្រទេសអ៊ុយក្រែន ។
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងសហរដ្ឋអាមេរិក ចេញផ្សាយ កាលពីថ្ងៃអាអាទិត្យ គឺនៅក្នុងប៉ុន្មានម៉ោង ក្រោយពីសេតវិមាន បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំង ថា នឹងអាចប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ ចិន ជួយរុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្មទាំងនោះ។
ក្រុមមន្ត្រីអាមេរិក បានប្រាប់បណ្តាញព័ត៌មានថា រុស្ស៊ី បានស្នើសុំសម្ភារៈយោធា និងការគាំទ្រពីសម្ពន្ធមិត្តដ៏សំខាន់ របស់ខ្លួន គឺប្រទេសចិន ។
កាសែត The New York Times បានដកស្រង់សំដី មន្ត្រីមិនប្រាប់ឈ្មោះ ម្នាក់ មកចុះផ្សាយថា រដ្ឋាភិបាលក្រុងមូស្គូ ក៏បានស្នើសុំរដ្ឋាភិបាលក្រុងប៉េកាំង នូវជំនួយសេដ្ឋកិច្ច ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិច ជាច្រើនផងដែរ។
សេចក្តីរាយការណ៍ខាងលើនេះ គឺ បានកើតមានឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេតវិមាន ប្រកាសថា គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន នៅក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan និងប្រមុខការទូត នៃបក្សកុម្មុយនីស្តចិន លោក Yang Jiechi ” នឹងពិភាក្សាពីកិច្ចខំប្រឹងប្រែងបន្តរៀបចំការប្រកួតប្រជែង រវាងប្រទេសយើងទាំងពីរ និងពិភាក្សាពីផលប៉ះពាល់ នៃសង្គ្រាម របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ក្នុងក្របខណ្ឌសន្តិសុខក្នុងតំបន់ និងសាកលលោក “៕