នារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប បុកប៉ះម៉ូតូកង់បី របួសធ្ងន់មនុស្សម្នាក់.

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា យប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប មកបុកប៉ះជាមួយ ម៉ូតូកង់បីពីក្រោយ បណ្ដាលឲ្យខ្ទាតមនុស្សម្នាក់ ធ្លាក់ពីលើម៉ូតូ ដួលបោកក្បាលរងរបួសធ្ងន់ ។

ភ្លាម‌ៗនោះជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកអ្នកនារីជនជាតិចិន ដែលជាអ្នកបើកបររថយន្តបង្ក បានស្រែកឡូឡាផ្អើលគេផ្អើលឯង ហើយថែមទាំងបានចាប់យកទូរស័ព្ទ របស់ អ្នកសារព័ត៌មាន បម្រុងបោកចោលថែមទៀតផង ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១០ និង៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២  តាមបណ្តោយវិថីឯករាជ្យ (ផ្លូវលេខ១០០) ទាល់មុខសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោហ៊ុនសែនកម្មករ ស្ថិតនៅក្នុងភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ ម៉ូតូកង់បី ពាក់ស្លាកលេខ ព្រះសីហនុ 1H-1614 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូង ឆ្ពោះទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ខាងភាគីម៉ូតូកង់បី ក៏បានបើកអែបទៅផ្លូវម្ខាង ដើម្បីដាក់ភ្ញៀវចុះ ។ ប៉ុន្តែពេលភ្ញៀវកំពុងតែរៀបចំចុះពីលើម៉ូតូកង់បី ក៏ស្រាប់តែមានរយន្តមួយគ្រឿងទៀត ម៉ាក Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1919 បើកបរដោយនារីជនជាតិចិនម្នាក់មានទិសដៅពីត្បូងទៅជើងទិសដៅស្របទិសគ្នា ក្នុងល្បឿនលឿន ក៏បានមកបុកម៉ូតូកង់បី ពីក្រោយបណ្ដាលឱ្យមនុស្សម្នាក់ធ្លាក់ពីលើកង់បី ដួលបោកក្បាលរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ក៏បាននាំខ្លួននារី បើករថយន្តបង្កហេតុ ទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ ។ ចំណែករថយន្ត និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ដើម្បីរង់ចាំរកដំណោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕ ដោយ ៖ វ៉ាន់ នី

អត្ថបទដែលជាប់ទាក់ទង