អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបគ្រឿងញៀនជាង ២០គីឡូក្រាម

រាជធានីភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការដឹកនាំ របស់លោក​អគ្គនាយករង កេីត​ សុទ្ធារ៉ា​​ មានចំណាត់ការទៅលើរថយន្តគ្មានពន្ធ ដែលមានស្រាប់នៅក្នុងស្រុក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ ។ នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន ដែលសង្ស័យអាចជាសារធាតុញៀន ហើយ មន្ត្រីគយ និងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ ១រូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី ។

ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យឃើញលទ្ធផលថា ជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប 20,752.4 ក្រាម ក្នុងនោះ ប្រភេទ MDMA 15,742 ក្រាម, ប្រភេទកេតាមីន 4,996 ក្រាម, និងមេតំហ្វេតាមីន 14.4 ក្រាម។

បច្ចុប្បន្ន មន្ត្រីគយ និងរដ្ឋាករ បានប្រគល់ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង