កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយជូនពលរដ្ឋ ៥៥គ្រួសារ រងគ្រោះដោយខ្យល់កន្ទ្រាក់

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំជំនួស របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៥៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ពិធីនេះបានធ្វើឡើង នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។

នាឱកាសនោះ លោក គួច ចំរើន បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ព្រមទាំងចូលរួមការសោកស្តាយពី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ទាំង ៥៥គ្រួសារ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បណ្ដាលឱ្យរបើកដំបូលផ្ទះ និងដួលរលំផ្ទះ ។

ជាមួយគ្នានេះ លោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងកោតសរសើរសាខាថ្នាក់ស្រុក មេឃុំដោយស្មារតីទទួលខុសត្រូវ ក្នុងមូលដ្ឋាន ហើយបានប្រមូលព័ត៌មាននានា ទាក់ទងទៅនឹងគ្រោះមហន្តរាយខាងលើនេះ និងផ្តល់ព័ត៌មានមកសាខា បានបម្តរាយការណ៍ ជូនសម្ដេចគតិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកស្បៀងអាហារ និងថវិកាមួយចំនួន មកចែកជូនពលរដ្ខរងគ្រោះបានទាន់ពេល ។ លោកបន្តថា មកដល់ពេលនេះ នៅមានប្រជាពលរដ្ឋចំនួន ២៨គ្រួសារផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ហើយនឹងបន្តចែកជូនស្បៀង និងសម្ភារៈផ្សេងទៀត នៅថ្ងៃស្អែកបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងដូសជម្រុញទី៣ និងដូសទី៤ ទើបមានប្រសិទ្ធភាពទប់ស្កាត់ប្រឆាំងនឹងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ដោយក្នុងនោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង គៀគរសុំមិត្តភក្កិ និងទិញវ៉ាក់សាំង ដើម្បីធានា ឱ្យប្រជាពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់ពេលវេលា និងគ្រប់គ្នា ដោយគ្មានការរើសអើង ពោលគឺឱ្យតែមនុស្សរស់នៅលើទឹកដីកម្ពុជា គឺចាក់វ៉ាក់សាំង ជូនទាំងអស់ ដើម្បីការពារជំងឺកូវីដ-១៩។

ជំនួយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង ៥៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, កន្ទេល១, តង់១, ឃីត ១កញ្ចប់(ក្រមា១ មុង១ ភួយ១ សារុង១), ម៉ាសក្រណាត់ ១ដុំ, ជែល ១ដប និង អាវយឺត ១កញ្ចប់ ។ ក្នុងនោះដែរ សម្រាប់ប្រជាពលរដ្ឋ ដែលដំបូលផ្ទះ របស់ពួកគាត់ត្រូវខ្យល់ប៉ើងខូចខាតបន្តិចបន្តួច មានចំនួន ៥០គ្រួសារ គឺទទួលបានថវិកា ១០ម៉ឺនរៀល ។  ដោយឡែក ប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្ត្រាក់បំផ្លិចបំផ្លាញដំបូលផ្ទះទាំងស្រុង ចំនួន ២គ្រួសារ បានទទួលបានថវិកា ២០ម៉ឺនរៀល ។ ហើយ ចំពោះផ្ទះពលរដ្ឋ ៣គ្រួសារ ដែលដួលរលំទាំងស្រុង ទទួលបានថវិកា ១លានរៀល និងសាងសង់ផ្ទះបេតុងដំបូលសង្ក័សី មានទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ជូនថែមទៀត ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង