សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ករណីចាប់រំលោភក្មេងស្រី អាយុ១៣ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំ ។ ក្នុងនោះ ជនសង្ស័យម្នាក់ ជាអ្នកប្រព្រឹត្ត និងម្នាក់ទៀត ត្រូវជាម្តាយបង្កើត របស់កុមារីរងគ្រោះ ហើយជាអ្នកផ្តល់ទីតាំង សម្រាប់ប្រព្រឹត្តល្មើស ។

សមត្ថកិច្ច ឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ នៅចំណុចភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកឧដុង្គ បានឱ្យដឹងថា ជនសង្ស័យទាំង ០២នាក់មានឈ្មោះ ពេជ្រ ស្រីអ៉ី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្ គ(អ្នកផ្តល់ទីតាំងឱ្យជនសង្ស័យម្នាក់ទៀត ជាអ្នករំលោភកូនស្រីបង្កើត របស់ខ្លួន) និងឈ្មោះ សេក ណារិន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិព្រៃក្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកប្រព្រឹត្តអំពើរំលោភលើក្មេងស្រីរងគ្រោះ ។

មន្ត្រីដដែលបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានអាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីបង្កើត របស់ស្ត្រីសង្ស័យឈ្មោះ ពេជ្រ ស្រីអ៉ី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើហេតុអ្វីបានជាស្ត្រីត្រូវជាម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ បែរជាទៅផ្សំគំនិតជាមួយ ជនសង្ស័យ ហើយថែមទាំងផ្តល់ទីតាំងឱ្យជនសង្ស័យចាប់រំលោភកូនស្រីបង្កើត របស់ខ្លួន បែបនេះទេ..?

សមត្ថកិច្ច បានបន្តទៀតថា ក្រោយពីសាកសួរជនសង្ស័យទាំង ០២រួច សមត្ថកិច្ចជំនាញ ក៏បានបញ្ជូនជនសង្ស័យទាំង ០២នាក់  ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីឈានទៅកសាងសំណុំ​រឿងបញ្ជូនទៅកាន់តុលាការ បន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង